(ភ្នំពេញ)៖ សាខាទី៦ របស់សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ ត្រូវបានបើកសម្ពោធ ក្រោមអធិបតីភាពរបស់លោកស្រីបណ្ឌិត សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ការបើកសម្ពោធសាខាថ្មីនេះបានឆ្លុះបញ្ចាំងឱ្យឃើញនូវ សមិទ្ធិផលដ៏ធំធេងសម្រាប់សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ ដែលបានផ្តល់ការអប់រំបែបកម្មវិធីអន្តរជាតិនិង២ភាសា ដល់សិស្សានុសិស្សជិតមួយទសវត្ស។

លោកស្រីបណ្ឌិត សឿង រដ្ឋចាវី បានកាត់ខ្សែរបូរបើកសម្ពោធសាខាដ៍ថ្មីស្រឡាងនេះ ដែលនឹងចាប់ទទួលសិស្សានុសិស្សថ្មី ឱ្យចូលរៀនក្នុងកម្មវិធីអន្តរជាតិ និង២ភាសា ចាប់ពីមត្តេយ្យកម្រិតខ្ពស់ (Year1) រហូតដល់ថ្នាក់ទី២ (Year3)។
លោកស្រីបណ្ឌិតរដ្ឋលេខាធិការបានមានប្រសាសន៍ក្នុងពិធីសម្ពោធថា កិច្ចខិតខំប្រឹងប្រែងរបស់ សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ ក្នុងការផ្តល់ជូននូវការអប់រំជាតិនិងអន្តរជាតិប្រកបដោយ គុណភាពខ្ពស់បំផុត មានសារៈសំខាន់ និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសក្នុងការរីកកចម្រើនលូតលាស់របស់កុមារដែលមានទេពកោសល្យ និងភាពឆ្លាតវៃ។

សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ បានក្លាយជាសមាជិករបស់មូលិធិសាលារៀនសកល GSF ដែលមានវត្តមាននៅលើ១០ប្រទេស ៣៥សាលា ផ្តល់នូវការអប់រំដល់សិស្សានុសិស្សជាង៣១,៥០០នាក់។ សាខាថ្មីនេះនឹងបន្តគន្លងនៃការផ្តល់នូវការអប់រំបែបសតវត្សទី២១ របស់មូលិធិ GSF តាមរយៈការផ្តល់ជូននូវហេដ្ឋារចនាសម្ព័ន្ធដ៏ទំនើបនៃបរិយាកាសអប់រំបែបឌីជីថល។
សាខាទី៦នេះ ចាត់ទុកជាសាខាសាលារៀនគំរូរបស់មូលិធិGSFនៅកម្ពុជា តាមរយៈការនាំមកជូននូវ កម្មវីធីសិក្សាអន្តរជាតិសម្រាប់កម្រិតបឋមសិក្សាប្រកបដោយគុណភាពខ្ពស់ដល់សិស្សានុសិស្ស ក្នុងការពង្រឹងចំណេះដឹង ក្នុងកម្មវិធីសិក្សា និងថ្នាក់បំប៉នបន្ថែម រួមមានសកម្មភាព សិល្បៈ កីឡា តូរ្យតន្ត្រី និងភាសា។

លោក Atul Temurnikar ប្រធាន និងសហស្ថាបនិករបស់មូលិធិ GSF បានលើកឡើងថា សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ បានបោះជំហានទៅមុខដ៏ធំក្នុងទិសដៅដ៏ត្រឹមត្រូវ។ លោក Atul Temurnikar បានបន្តទៀតថា សាខាទី៦នេះ បានក្លាយជាសាខាបន្ថែមមួយទៀតរបស់មូលិធិ GSF។ កាលពី៩ឆ្នាំមុន សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ បានបង្ហាញឱ្យឃើញនូវការប្តរជ្ញាចិត្តយ៉ាងជ្រៀលជ្រៅមួយក្នុងបុព្វហេតុផ្តល់ការអប់រំប្រកបដោយគុណភាព ដ៏ខ្ពស់បំផុតដល់សិស្សានុសិស្សជំនាន់ក្រោយ។ សាខាថ្មីនេះនឹងបន្តគន្លងនៃការអប់រំនេះ។ គោលដៅរបស់យើង គឺផ្តល់ជូននូវការអប់រំប្រកបដោយគុណភាពល្អឥតខ្ចោះ ដើម្បីឱ្យសិស្សានុសិស្សត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តការសិក្សាជុំវិញពិភពលោក។

សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ សាខាទី៦ បើកទទួលសិស្សានុសិស្សឱ្យចូលរៀនចាប់ពីមត្តេយ្យកម្រិតខ្ពស់ (Year1) រហូតដល់ថ្នាក់ទី២ (Year3) ក្នុងកម្មវិធីសិក្សា IPC និងកម្មវិធីសិក្សា២ភាសា។ សាខាទី៦នេះផ្តល់ជូននូវបរិក្ខារទំនើបៗរួមទាំង ថ្នាក់រៀនទំនើបនិងធំទូលាយ សាលពិសោធន៍ បណ្ណាល័យ និងបរិក្ខារកីឡាជាច្រើនទៀត។

លោកស្រី Louisa Condorelli នាយិកាសាលា ហ៊ែរ៉ុដស៍ អន្តរជាតិ បានថ្លែងថា «យើងផ្តោតសំខាន់លើការ ផ្តល់ជូនដល់សិស្សានុសិស្សគ្រប់រូបនូវមូលដ្ឋានគ្រឹះអប់រំដ៏រឹងមាំ ដែលឆ្លុះបញ្ចាំងនូវឧត្តមភាពអប់រំនាពេលបច្ចុប្បន្ន ក្នុងគោលបំណងឱ្យពួកគាត់ក្លាយពលរដ្ឋសកលនាពេលអនាគត»

លោកស្រី Louisa បានបន្តទៀតថា «នាងខ្ញុំជឿជាក់ថា គ្រូបង្រៀនប្រកបដោយបទពិសោធន៍ខ្ពស់របស់យើង ផ្តល់ជូនសិស្សានុសិស្សគ្រប់រូបនូវការអប់រំដ៏ល្អបំផុត ដែលអាចឱ្យពួកគាត់សម្រេចនូវគោលដៅ និងរកឱ្យឃើញសក្តានុពលរបស់ខ្លួន»