(ភ្នំពេញ)៖ វេទិកាធុរកិច្ចបៃតង ប្រចាំឆ្នាំរបស់គណៈកម្មាធិការធុរកិច្ចបៃតងនៃ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) នៅថ្ងៃទី០៩ ខែមិថុនា​ ឆ្នាំ២០២៣ បានប្រមូលផ្តុំអ្នកដឹកនាំ ដែលមកពីវិស័យឧស្សាហកម្ម អាជីវកម្ម អ្នកផ្តួចផ្តើមគំនិត និងអ្នកបង្កើតគោលនយោបាយ ដើម្បីពិភាក្សាអំពីវិធីពន្លឿនវឌ្ឍនភាពរបស់ប្រទេសកម្ពុជា ឆ្ពោះទៅរកគោលដៅសេដ្ឋកិច្ចបៃតងរបស់ខ្លួន។

វេទិកានេះ ក៏បានបង្ហាញអំពីការចាប់ផ្តើមនៃយុទ្ធនាការ ប្រមូលដបត្រឡប់មកវិញ នៅក្នុងប្រទេសកម្ពុជាដែលយុទ្ធនាការនេះ បានដាក់សាកល្បងនៅតាមវិស័យអាហារ និងភេសជ្ជៈ និងអាជីវកម្មបដិសណ្ឋារកិច្ចក្នុងស្រុក នៅក្នុងទីក្រុងភ្នំពេញ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២៣ ក្រោមអធិបតីថ្នាក់ដឹកនាំប្រទេសកម្ពុជា និងភាពជាដៃគូជាមួយក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា វេទិកានេះត្រូវបានបញ្ចប់ ដោយការប្រារព្ធពិធីអបអរសាទរដល់ធុរកិច្ច និងសហគ្រិនកម្ពុជាចំនួន ១៤ រូបសម្រាប់ការចូលរួមរបស់ពួកគេ ក្នុងយុទ្ធនាការការប្រមូលដបត្រឡប់មកវិញ។

លោក ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថានដែលអញ្ជើញជាអធិបតី ក្នុងពិធីបើកវេទិកាធុរកិច្ចបៃតងបានថ្លែងថា «កម្មវិធីដែលយើងប្រារព្ធថ្ងៃនេះ ជាកម្មវិធីដែលមានសក្តានុពលក្នុងការត្រួសត្រាយ ឲ្យមានលទ្ធភាពក្នុងការប្រមូលមកវិញ និងការប្រើប្រាស់ឡើងវិញបន្ថែម នៅក្នុងប្រទេសកម្ពុជា។ ធនធានធម្មជាតិរបស់យើងមិនស្ថិតស្ថេរនោះទេ។ ប្រសិនបើយើងចង់បន្តមានការរីកចម្រើន និងធ្វើឲ្យប្រទេសកម្ពុជាក្លាយ ជាកន្លែងរស់នៅដ៏គួរឱ្យទាក់ទាញ យើងត្រូវផ្លាស់ប្តូរទៅរកគំរូអាជីវកម្ម ដែលប្រើធនធានប្រកបដោយនិរន្តភាព។ សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព គឺជាផ្នែកចម្បងនៃដំណោះស្រាយ។ ខ្ញុំមានអារម្មណ៍រំភើបពេលដែលឃើញអាជីវកម្មជាអ្នកផ្តួចផ្តើមគម្រោងនេះ ហើយខ្ញុំមានជំនឿថាការផ្តួចផ្តើមនេះនឹងលើកទឹកចិត្តអាជីវកម្មដទៃជ្រើសយកសកម្មភាពនេះជាគំរូ។ ដូច្នេះការប្រើប្រាស់ធនធានប្រកបដោយនិរន្តរភាព និងការប្រមូលដបត្រឡប់មកវិញអាចអនុវត្តបានយ៉ាងទូលំទូលាយនាពេលអនាគត»

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ព្រមទាំងលោក Samson Wong នាយកគ្រប់គ្រងក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានប្រគល់ពានរង្វាន់ទៅដល់អាជីវកម្មដើម្បីទទួលស្គាល់ជាផ្លូវការ ដល់វីរជនកម្ពុជានៅក្នុងយុទ្ធនាការប្រមូលដបត្រឡប់មកវិញ ដែលរួមមាន៖ V-Friend, Prel Leap, Traino-Pabu, Royal 214, Gold Pub, KC Restaurant & Sky Bar, Kiri Pub, Color Cup, Le Moon Rooftop, Prime Distributors Asia, Leng Channa, Ly Huy, Ly Kiet, និង KCV។

លោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) បានថ្លែងថា «វេទិកាប្រចាំឆ្នាំនេះ បានគូសបញ្ជាក់អំពីតម្រូវការបន្ទាន់ ដើម្បីទទួលបានអនាគតមួយ ដែលការអនុវត្តប្រកបដោយនិរន្តរភាពក្លាយជាទម្លាប់។ តម្រូវការនេះជាចក្ខុវិស័យដែលទាមទារ ឲ្យមានសកម្មភាពរួបរួមកាន់តែច្រើន។ ការទទួលបានវិធីសាស្រ្តត្រឹមត្រូវនឹងបើកឱកាសថ្មី ឲ្យមានការលូតលាស់ក្នុងការវិនិយោគ ដែលប្រកបទៅដោយពណ៌បៃតងដើម្បីផ្តល់នូវតម្លៃសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាពសម្រាប់ប្រទេសកម្ពុជា»

ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានផ្តួចផ្តើមយុទ្ធនាការមួយ ដែលលើកទឹកចិត្តអតិថិជន ឲ្យប្រគល់ដបមកវិញក្នុងការគាំទ្រកម្មវិធី «ធ្វើឲ្យពិភពលោកកាន់តែប្រសើរ» របស់ក្រុមហ៊ុន។ គំនិតផ្តួចផ្តើមនេះបានកំណត់គោលដៅប្រកបដោយមហិច្ឆិតាក្នុងការបង្កើនការប្រើប្រាស់ធនធានប្រកបដោយនិរន្តរភាពនិងកាត់បន្ថយការបំភាយឧស្ម័នកាបូនិចមិនត្រឹមតែនៅក្នុងផលិតកម្មរបស់ក្រុមហ៊ុនត្រឹមឆ្នាំ ២០៣០ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទូទាំងខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនទាំងមូលត្រឹមឆ្នាំ ២០៤០។ ការវេចខ្ចប់គឺជាការរួមចំណែកចម្បងដែលជួយដល់បរិស្ថាន ដូច្នេះការបង្កើនការប្រើប្រាស់ធនធានវេចខ្ចប់ដែលអាចប្រមូលត្រឡប់មកវិញបានមានសារៈសំខាន់ណាស់ដើម្បីសម្រេចបាននូវគោលដៅរយៈពេលវែងទាំងនេះ។
ការសហការគ្នាជាមួយវិស័យម្ហូបអាហារ និងភេសជ្ជៈ ព្រមទាំងវិស័យបដិសណ្ឋារកិច្ចគឺជាយុទ្ធសាស្ត្រមួយ ដើម្បីឈានទៅរកគោលដៅរបស់ក្រុមហ៊ុន ពីព្រោះវិស័យទាំងនេះមានចំណែកធំមួយ ដែលប្រើប្រាស់ដបរបស់ផលិតផលក្រុមហ៊ុនច្រើននៅលើទីផ្សារ។

លោក Samson Wong នាយកគ្រប់គ្រងក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានថ្លែងថា «យុទ្ធនាការប្រមូលដបមកវិញ គ្រាន់តែជាការចាប់ផ្តើមនៃកិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងដំណើរប្រើប្រាស់ឡើងវិញប៉ុណ្ណោះ។

លោក Wong បានបន្ថែមថា «យើងទទួលស្គាល់ថា ដំណើរឆ្ពោះទៅរកការប្រើប្រាស់ធនធាន ប្រកបដោយនិរន្តរភាពនឹងមានភាពលំបាកនិងជាដំណើរវែងឆ្ងាយ ហើយក្រុមហ៊ុនមិនអាចសម្រេចគោលដៅនេះ បានតែឯងនោះទេ។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានរៀបចំរួចរាល់ក្នុងការបង្កើតប្រព័ន្ធ ដែលអាចគាំទ្រយុទ្ធនាការប្រមូលដបមកវិញ ដែលយុទ្ធនាការនោះ អាចមានទ្រង់ទ្រាយធំជាងមុននាពេលអនាគត។ ដបផលិតផលរបស់យើងទាំងអស់ គឺអាចប្រគល់ត្រឡប់មកវិញ បាននាពេលបច្ចុប្បន្ន។ ទោះជាយ៉ាងណាក៏ដោយ យើងត្រូវការមនុស្សបន្ថែមទៀត ដើម្បីចូលរួមយុទ្ធនាការប្រមូលដបមកវិញ និងធ្វើឲ្យយុទ្ធនាការនេះធំជាងនេះ។ យើងស្វាគមន៍ក្រុមហ៊ុនផលិតភេសជ្ជៈផ្សេងទៀត ចូលរួមសហការជាមួយគ្នា ដើម្បីឆ្ពោះទៅរកការបង្កើតខ្សែសង្វាក់ប្រកបដោយនិរន្តភាព»

លោកស្រី Shereen Teh ប្រធានផ្នែកពាណិជ្ជកម្មនៅក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានថ្លែងថា «នៅពេលដែលយុទ្ធនាការប្រមូលដបមកវិញ ចាប់ផ្តើមទទួលបានសន្ទុះ អ្នកប្រើប្រាស់នឹងឃើញហាង និងភោជនីយដ្ឋាន ដែលពួកគេចូលចិត្តកាន់តែច្រើន ប្រគល់ដបភេសជ្ជៈទៅក្រុមហ៊ុនវិញ ក្នុងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយកាកសំណល់។ គោលបំណងរបស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា គឺភ្ជាប់ទំនាក់ទំនងមនុស្ស ខណៈពេលដែលយើងកំពុងធ្វើឱ្យពិភពលោក កាន់តែប្រសើរឡើង ។ យើងក៏សង្ឃឹមដែរថា សកម្មភាពនេះនឹងអាចធ្វើជាគំរូទៅអាជីវកម្មផ្សេងទៀត ក្នុងវិស័យនេះ»