(ប្រេមេន)៖ ក្លិបអាល្លឺម៉ង់ Werder Bremen បានចុះកិច្ចសន្យានាំយកកីឡាករប្រធានក្រុមជម្រើសជាតិហ្គីណេ Naby Keita មកពីក្លិប Liverpool លើការផ្ទេរដោយឥតបង់ថ្លៃ។ នេះបើតាមការប្រកាសពីក្លិបលេងនៅលីគ Bundesliga ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។

Werder មិនបានបញ្ជាក់ពីរយៈពេល នៃកិច្ចសន្យានោះទេ ប៉ុន្តែសារព័ត៌មានអាល្លឺម៉ង់ Bild បានចុះផ្សាយថា Keita បានចុះកិច្ចសន្យា ៣ឆ្នាំលេងរហូតដល់ឆ្នាំ២០២៦។

Keita ធ្លាប់បានចំណាយពេល ២រដូវកាល លេងនៅ Bundesliga ជាមួយក្លិប RB Leipzig ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ ដោយបានជួយក្រុមបញ្ចប់ក្នុងតំណែងជើងឯករងកាលឆ្នាំ២០១៧។

ខ្សែបម្រើរូបនេះបានចូលរួមជាមួយ Liverpool ដោយផ្លាស់ពីក្លិប Leipzig លើតម្លៃផ្ទេរជាង៥០លានផោន (៦២.៧៧លានដុល្លារ) ក្នុងឆ្នាំ២០១៨ ប៉ុន្តែបានតស៊ូជាមួយនឹងបញ្ហារបួស ដោយបានបង្ហាញខ្លួន១២៩លើក ក្នុងរយៈពេល៥រដូវកាល។ លោកបានឈ្នះពានរង្វាន់ធំៗចំនួន៥ ជាមួយក្លិប Liverpool។

​កីឡាករវ័យ ២៨ឆ្នាំរូបនេះ បានលេងត្រឹមតែ១៣លើកប៉ុណ្ណោះ សម្រាប់ Liverpool ក្នុងរដូវកាល២០២២-២៣ ខណៈពួកគេបានបញ្ចប់នៅចំណាត់ថ្នាក់ទី៥ ក្នុងលីគ Premier League។

Keita ទទួលបានការកោះហៅជាង៥០លើក ចាប់តាំងពីបង្ហាញខ្លួន លេងឲ្យក្រុមជម្រើសជាតិជាលើកដំបូង ក្នុងឆ្នាំ២០១២។

សូមជម្រាបថា Werder បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១៣ ក្នុងលីគ Bundesliga បន្ទាប់ពីឡើងមកពីលីគលំដាប់ទី២៕