(ម៉ូនិច)៖ ក្លិប Bayern Munich បានចុះហត្ថលេខានាំយកខ្សែបម្រើ Konrad Laimer លើកិច្ចសន្យាផ្ទេរដោយឥតបង់ថ្លៃ មកពីក្លិប RB Leipzig។ នេះបើតាមការប្រកាស ពីក្លិបម្ចាស់ពានរង្វាន់លីគអាល្លឺម៉ង់ Bundesliga នាថ្ងៃសុក្រ។

ក្លិបបានបន្ថែមថា កីឡាករសញ្ជាតិអូទ្រីសរូបនេះបានចុះហត្ថលេខា លើកិច្ចសន្យារយៈពេល ៤ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។ 

កីឡាករវ័យ ២៦ឆ្នាំរូបនេះ បានបង្ហាញខ្លួនជាង ១៩០លើកសម្រាប់ Leipzig ដោយបានឈ្នះពានរង្វាន់ German Cup ក្នុងឆ្នាំ២០២២ និង២០២៣។

លោកក៏បានបង្ហាញខ្លួនចំនួន ២៦ប្រកួត សម្រាប់ក្រុមជម្រើសជាតិអូទ្រីសផងដែរ។

Laimer បានក្លាយជាកីឡាករដំបូងគេ ដែលបានចុះកិច្ចសន្យាក្នុងរដូវក្តៅនេះ លេងឲ្យ Bayern ដែលជាក្លិបបានឈ្នះពានរង្វាន់លីគ Bundesliga លើកទី១១ ជាបន្តបន្ទាប់គ្នាកាលពីខែមុន៕