(ភ្នំពេញ)៖ ធនាគារ DGB ដែលជាធនាគារវិនិយោគឡើងដោយវិនិយោគិនកូរ៉េ បានបើកសម្ពោធសាខាមួយទៀត ស្ថិតនៅខណ្ឌកំបូល រាជធានីភ្នំពេញ ដែលជាសាខាទី១០ ដើម្បីពង្រីកការផ្តល់សេវាធនាគាររបស់ខ្លួនឱ្យកាន់តែប្រសើរឡើង ជាពិសេសទៅដល់តំបន់ជាយក្រុងភ្នំពេញ។

ពិធីសម្ពោធធនាគារ DGB សាខាកំបូល បានប្រព្រឹត្តិទៅនាថ្ងៃរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ក្រោមវត្តមាន លោក Hwang Byung Woo អគ្គនាយកធនាគារ DGB Daegu ប្រចាំនៅប្រទេសកូរ៉េខាងត្បូង និងលោកស្រី Rhee Eun Mi តំណាងម្ចាស់ភាគហ៊ុន នៃធនាគារ DGB Cambodia លោក អ៊ុល ដេតសុខុម នាយកប្រតិបត្តិធនាគារ DGB ប្រចាំប្រទេសកម្ពុជា ព្រមទាំងវត្តមានថ្នាក់ដឹកនាំ នាយកសាខា និងបុគ្គលិកជាច្រើនរូបទៀត។

លោក ង៉ែត ប៊ុនធឿន នាយកប្រតិបត្តិប្រតិបត្តិការនៃធនាគារ DGB  បានប្រាប់អ្នកសារព័ត៌មានថា ការពង្រីកសាខាបន្ថែមមួយទៀតក្នុងខណ្ឌកំបូលនេះ ក្នុងគោលបំណងពង្រីកការផ្តល់សេវាធនាគារនេះ ឱ្យបានកាន់តែទូលំទូលាយជាងមុននៅជាយរាជធានីភ្នំពេញ ខណៈតំបន់កំបូលនៃជាតំបន់ដែលមានសក្តានុពលខ្លាំង។

លោកគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ «នៅសាខាកំបូលនេះ មានសក្តានុពលខ្លាំង ដោយសារជាតំបន់សេដ្ឋកិច្ចពិសសេសហើយជាទូទៅយើងផ្តល់ឥណទានខ្នាតតូច និងមធ្យមជូនដល់អតិថិជន ដែលស្របនឹងយុទ្ធសាស្រ្ត ផែនការរបស់យើងផ្ទាល់ ហើយយើងក៏មានអតិថិជនស្រាប់របស់យើងនៅទីនេះដែរ»

លោកបានឱ្យដឹងទៀតថា ការបើកដំណើរការសាខានៅកំបូលនឹងជំរុញឱ្យធនាគារ DGB  មានការរីកចម្រើនកាន់តែខ្លាំងជាងមុន ព្រោះក្រៅពីអតិជននៅខណ្ឌកំបូល ក៏អាចច្បាមយកអតិថិជននៅខេត្តកណ្តាលបន្ថែម ដែលអាចទាក់ទាញបាននូវអតិថិជនដែលមានត្រូវការឥណទាន និងការដាក់ប្រាក់បញ្ញើ ខណៈធនាគារ DGB ផ្តល់នូវអត្រាការប្រាក់ដ៏សមរម្យសម្រាប់កម្ចី និងការដាក់បញ្ញើ ព្រមទាំងមានសេវាលឿនរហ័ស ក្នុងនោះការអនុម័តប្រាក់កម្ចី ត្រឹមតែរយៈពេលយ៉ាងយូរបំផុត១សប្តាហ៍ប៉ុណ្ណោះ។

បើតាមនាយកប្រតិបត្តិប្រតិបត្តិការនៃធនាគារ DGB រូបនេះ  ធនាគារ DGB  បានឈានជើងចូលទីផ្សារកម្ពុជា ជាលើកដំបូងនៅឆ្នាំ២០១៨ ក្នុងនាមជាមីក្រូហិរញ្ញវត្ថុ និងក្រោយមកបានវិវត្តិខ្លួនជាធនាគារពាណិជ្ជ បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជានៅឆ្នាំ២០២០។

នាពេលខាងមុន ធនាគារ DGB  នឹងមានគម្រោងពង្រីកសាខាជាបន្តបន្ទាប់ទៀតទៅតាមខណ្ឌនានា និងតាមបណ្តាខេត្តជាច្រើនទៀត៕