(ភ្នំពេញ)៖ ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារពាណិជ្ជ កំពុងរីក ចម្រើន យ៉ាងឆាប់រហ័សមួយនៅកម្ពុជា បានបញ្ចប់ការកែលម្អអគារការិយាល័យកណ្តាលរបស់ខ្លួន ព្រមទាំង ចាប់ផ្តើមបើកដំណើរការសេវាកម្មបម្រើអតិថិជន ឡើងវិញ ដោយផ្តល់ជូនសេវាកម្មធនាគារ ពេញលេញ និងសម្បូរបែប ជូនដល់អតិថិជន។

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង ព្រមទាំងគណៈគ្រប់គ្រង ជាន់ខ្ពស់នៃធនាគារ វីង បានទទួលស្វាគមន៍ដល់ភ្ញៀវកិត្តិយស ក្នុងការអញ្ជើញទស្សនាពីទិដ្ឋភាពការិយាល័យកណ្តាលរបស់ធនាគារ វីង ដែលទើបបាន ធ្វើការកែលម្អរួចរាល់ជាស្ថាពរនេះផងដែរ។

លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានថ្លែងថា «ការិយាល័យកណ្តាលរបស់យើងដែលទើបបញ្ចប់ការកែលម្អនេះ បានរចនាឡើងយ៉ាងផ្ចិតផ្ចង់ ដែល ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់របស់យើងចំពោះការផ្តល់សេវាកម្មដ៏ទំនើប និងសម្បូរបែប ទៅដល់អតិថិជន»

លោក ហាន ប៉េងក្វាង បានបន្តថា «យើងខ្ញុំតែងតែ ខិតខំធ្វើយ៉ាងណាដើម្បីផ្តល់នូវបទពិសោធន៍សេវាកម្មធនាគារ ប្រកបដោយភាពងាយស្រួល និងរលូនទៅ ដល់អតិថិជននៅរាជធានីភ្នំពេញ ហើយការកែលម្អឡើងវិញនូវអគារការិយាល័យកណ្តាលដ៏ទំនើបរបស់យើង គឺនឹងជួយដល់ការសម្រេចគោលដៅទាំងនោះ»

ការិយាល័យកណ្តាលរបស់ធនាគារ វីង បានកែល្អថ្មីឡើងវិញដោយមានការរៀបចំនូវចំណតរថយន្តធំទូលាយ កន្លែងរង់ចាំមានផាសុខភាព កន្លែងទទួលទានកាហ្វេដ៏ស្រស់ស្រាយ និងបន្ទប់ប្រជុំ ត្រូវបានរៀបចំយ៉ាងល្អប្រណីត។ ទាំងអស់នេះសុទ្ធសឹងតែមានការរចនាឡើងដើម្បីផ្តល់ជូននូវឯកជនភាព និងផាសុខភាពទៅដល់អតិថិជន។

បន្ថែមលើនេះ បុគ្គលិករបស់ធនាគារ វីង ដែលមានជំនាញ និងភាពរួសរាយរាក់ទាក់ បានត្រៀមខ្លួនរួចរាល់ក្នុងការផ្តល់សេវាកម្មធនាគារទៅដល់អតិថិជន ដែលសេវាកម្មទាំងនោះរួមមាន៖ ការបើកគណនីធនាគារ វីង សេវាដាក់ប្រាក់ និងដកប្រាក់ ផ្ទេរប្រាក់ ប្តូរប្រាក់ សេវា ឥណទាន បណ្ណឥណទាន និងសេវាហិរញ្ញវត្ថុពាណិជ្ជកម្មជាដើម។

ដើម្បីអបអរសាទរការបើកដំណើរការឡើងវិញ នៃសេវាបម្រើអតិថិជនការិយាល័យកណ្តាលរបស់ធនាគារ វីង ក៏នឹងមានការផ្តល់ជូននូវប្រូម៉ូសិនពិសេសផងដែរ។ ចំពោះអតិថិជនដែលដាក់ប្រាក់បញ្ញើចាប់ពី ៥០០ដុល្លារអាមេរិកឡើងទៅ ចាប់ពីថ្ងៃនេះរហូតដល់ដំណាច់ខែ មិថុនា ឆ្នាំ២០២៣ នឹងទទួលបានអត្រាការប្រាក់រហូតដល់ទៅ ៨ ភាគរយក្នុងមួយឆ្នាំ។ លើសពីនេះ អតិថិជនដែលស្នើបើកកាត ឥណទាន វីងវីសា គឺមិនគិតថ្លៃសេវា ប្រចាំឆ្នាំសម្រាប់ឆ្នាំដំបូងឡើយ ហើយការផ្តល់ជូននេះគឺមានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ដំណាច់ឆ្នាំ២០២៣។

ការិយាល័យកណ្តាលរបស់ធនាគារ វីង មានទីតាំងស្ថិតនៅ បឹងត្របែក តាមបណ្តោយមហាវិថីព្រះមុនីវង្ស ដែលជាតំបន់ពាណិជ្ជកម្មស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ។ ការិយាល័យកណ្តាលរបស់ធនាគារ វីង បើកបម្រើសេវាកម្មអតិថិជនចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៨យប់ នៅរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ហើយសម្រាប់ថ្ងៃចុងសប្តាហ៍គឺបើកដំណើរការចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៤ រសៀល។

ធនាគារ វីង បានពង្រីកខ្លួនយ៉ាងឆាប់រហ័ស បន្ទាប់ ពីសម្ពោធ ជាធនាគារពាណិជ្ជក្នុងខែមីនា ឆ្នាំ ២០២២។ បច្ចុប្បន្ន ធនាគារនេះបាននឹងកំពុងដំណើរការសេវាកម្មរបស់ខ្លួនចំនួន ១៦ សាខា ដែលគ្រប់ដណ្តប់ទូទាំងរាជធានីភ្នំពេញ និង ខេត្តមួយចំនួនផ្សេងទៀត ក្នុង នោះក៏រួមមាន៖ ធនាគារ វីង សាខាសៀមរាប ធនាគារ វីង សាខាស្វាយរៀង និងធនាគារ វីង សាខាខេត្តកំពង់ធំ ដែលត្រូវបានដាក់ឲ្យដំណើរការ នាពេលនេះផងដែរ។

ទន្ទឹម គ្នានេះ ធនាគារ វីង បានបង្កើតដៃគូសហការជាច្រើន ជាមួយ ១៥០,០០០ អាជីវកម្ម ព្រមទាំងស្ថាប័នហិរញ្ញវត្ថុធំៗនៅលើពិភពលោកដូចជា៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Prudential ក្រុមហ៊ុន UnionPay ក្រុមហ៊ុន Visa និងក្រុមហ៊ុន Mastercard ជាដើម។ កត្តានេះបានធ្វើឲ្យធនាគារ វីង បង្កើតបានប្រព័ន្ធធនាគារ ឌីជីថលធំជាងគេបំផុតមួយនៅក្នុងប្រទេសកម្ពុជាដែលមាន សហគ្រាសធុនតូច និងមធ្យមប្រមាណ ៣.០០០សហគ្រាស និង ៦០០អាជីវកម្មកំពុងប្រើប្រាស់សេវាកម្មរបស់ធនាគារ វីង នាពេលបច្ចុប្បន្ន។

កាលពីឆ្នាំមុនកន្លងទៅនេះ ការផ្តល់ឥណទាន របស់ធនាគារ វីង ក៏បានបង្ហាញពីការកើនឡើង រហូតដល់ចំនួន ៤០ ដង ខណៈដែលបច្ចុប្បន្ន ទំហំប្រាក់បញ្ញើ កើនរហូតដល់ ប្រមាណ ៥០០ លានដុល្លារ អាមេរិក។ ជាមួយគ្នានេះ ធនាគារ វីង គ្រោងនឹងពង្រីកវិសាលភាព សេវាកម្មធនាគាររបស់ខ្លួន តាមរយៈការបើកការិយាល័យសាខាថ្មីៗ ជាច្រើនបន្ថែមទៀតនាពេលឆាប់ៗខាងមុខនេះ ដើម្បីផ្តល់សេវាហិរញ្ញវត្ថុកាន់តែល្អប្រសើរទៅដល់អតិថិជនទាំងរូបវន្តបុគ្គល និងអាជីវកម្មនានា នៅក្នុងប្រទេសកម្ពុជា៕