(បរទេស)៖ អ្នកគាំទ្រ Coldplay ក្នុងប្រទេសសិង្ហបុរី ដែលបានខកចិត្តចំពោះការប្រកាសដំបូងរបស់ក្រុមតន្រ្តីសម្រាប់ដំណើរមកអាស៊ីនៃកម្មវិធី «Music Of The Spheres World Tour» ទីបំផុតហាក់រីករាយវិញហើយ បន្ទាប់ពីតារាចម្រៀងអង់គ្លេសរូបនេះ មានកាលវិភាគថ្មីមកសម្តែង ដែលគ្រោងធ្វើឡើងនៅឆ្នាំ២០២៤ខាងមុខ។ នេះបើតាមការចេញផ្សាយរបសសារព័ត៌មាន CNA នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។

សកម្មភាពតន្ត្រីរបស់ម្ចាស់ពានឈ្នះពានរង្វាន់ Grammy រូបនេះ នឹងសម្តែងនៅពហុកីឡដ្ឋានជាតិ នៃប្រទេសសិង្ហបុរីរយៈពេល៤យប់ ក្នុងខែមករា ឆ្នាំ២០២៤ ពោលគឺចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៧ ខែមករា។ ការប្រកាសនេះធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពី Live Nation Singapore បានបង្ហោះឈុតខ្លីៗដែលមានការផ្សព្វផ្សាយ អំពីដំណើរកម្សាន្តរបស់ Coldplay ដែលកំពុងលេងនៅលើអេក្រង់អគារជាច្រើនក្នុងប្រទេសសិង្ហបុរី។ ទន្ទឹមគ្នានោះ ការប្រគំតន្ត្រីរស់ Coldplay នេះ គឺបានលក់សំបុត្រអស់ជាង៧លានសំបុត្រ ដែលជាចំនួនច្រើនបំផុត សម្រាប់ដំណើរទេសចរណ៍ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ហើយបានទទួលពានរង្វាន់ក្រុមតន្ត្រីទេសចរណ៍ដែលមានការចូលចិត្តច្រើនបំផុត នៅឯពានរង្វាន់តន្ត្រីអាមេរិកឆ្នាំ២០២២។

ក្រុមនេះក៏បានប្រកាសថាពួកគេនឹងចេញលក់សំបុត្រប្រភេទ Infinity ចំនួនកំណត់ ដែលមានតម្លៃស្មើនឹង២០ដុល្លារអាមេរិក សម្រាប់កម្មវិធីនៅពេលក្រោយ។ ក្រៅពីប្រទេសសិង្ហបុរី Coldplay ក៏នឹងបន្ថែមដំណើរប្រគំតន្រ្តីទេសចរណ៍របស់ខ្លួនទៅកាន់ ទីក្រុងម៉ានីល និងទីក្រុងបាងកក គ្រោងនឹងទៅនៅថ្ងៃទី១៩ ខែមករា និងថ្ងៃទី៣ ខែកុម្ភៈផងដែរ៕