(បរទេស)៖ បន្ទាប់ពីក្រុមហ៊ុន Oppo និង OnePlus ដកផលិតផលទាំងអស់ចេញពីទីផ្សារអាល្លឺម៉ង់ជុំវិញការប្តឹងប្តល់ពី Nokia ពេលនេះក្រុមហ៊ុនចិន Vivo មួយទៀតបានប្រកាសបិទ Online Store ក្នុងប្រទេសអាល្លឺម៉ង់ដែរហើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។

យោងតាមសេចក្តីសម្រេចពីតុលាការអាល្លឺម៉ង់កាលពីខែមេសាកន្លងទៅ បានយល់ព្រមលើសំណើរបស់ Nokia ដែលបានដាក់ប្តឹងជុំវិញការរំលោភប៉ាតង់ពីក្រុមហ៊ុន Vivo ដែលមានទាក់ទងនឹងការតភា្ជប់ wireless LAN (WLAN) ក្នុងស្មាតហ្វូនរបស់ Vivo។ ទាំងនេះទំនងជាហេតុផលដែល Vivo ត្រូវបិទ Online Store ទាំងអស់ក្នុងប្រទេសអាល្លឺម៉ង់។

យ៉ាងណាមិញតាមរយៈការជូនដំណឹងពីក្រុមហ៊ុន Vivo សាខាអាល្លឺម៉ង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ផលិតផលរបស់ Vivo នឹងមិនមានលក់នៅទីនេះទៀតនោះទេចាប់ពីការជូនដំណឹងតទៅ ប៉ុន្តែសម្រាប់ម្ចាស់ស្មាតហ្វូនដែលមានស្រាប់ក្នុងប្រទេសអាល្លឺម៉ង់នឹងនៅតែទទួលបានការអាប់ដេតមុខងារសុវត្ថិភាពផ្សេងៗ៕