(ភ្នំពេញ)៖ សហព័ន្ធកីឡាជាតិ ក៏ដូចជាមន្ដ្រី និងកីឡាករ-កីឡាការិនីកម្ពុជា បានផ្ទុះប្រតិកម្មជាខ្លាំង និងបានធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះបុគ្គលឈ្មោះ ស ឡុងដេត ដែលនិយាយរិះគន់ការរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា កាលពីពេលថ្មីៗកន្លងទៅ ដោយគ្មានការពិត និងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់ប្រទេសជាតិ ពិសេសការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ ប្រកបដោយភាពជោគជ័យដ៏ត្រចះត្រចង់បំផុត ។

ប្រតិកម្មរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានទម្លាយសារសំឡេងរបស់បុគ្គល ស ឡុងដេត នៅថ្ងៃទី១០ ខែមិថុនានេះ បន្ទាប់ពីបុគ្គលរូបនេះ បាននិយាយរិះគន់ពីការរៀបចំស៊ីហ្គេម ក្នុងកិច្ចប្រជុំមួយ កាលពីល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ដោយជននេះ បានលើកឡើងថា “ស៊ីហ្គេម (រៀបចំដោយ គ.ជ.ប.អ.) ទាំងមូលមិនដែលបានបង្ហាញអំពីវប្បធម៌ពីប្រពៃណី បង្ហាញពីសក្តានុពល នៃវប្បធម៌សេដ្ឋកិច្ចរបស់ ខ្មែរទេ...” និង “មានមនុស្សតែប៉ុន្មាននាក់ប៉ុណ្ណោះបានទៅមើល (ព្រឹត្តិការណ៍ស៊ីហ្គេម) និង “អ្វីៗជារឿង ក្លែងក្លាយទាំងអស់”

ការលើកឡើងដែលគ្មានការពិតនេះ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (គ.ជ.ប.អ. ឬ CAMSOC) ចេញសេចក្ដីថ្លែងការណ៍ បដិសេធទាំងស្រុង និងបានថ្កោលទោសយ៉ាងដាច់អហង្ការ ហើយសហព័ន្ធកីឡាជាតិជាច្រើន ក៏បានចេញញាត្ដិគាំទ្រសេចក្ដីថ្លែងការណ៍នេះ និងបានធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះបុគ្គល ស ឡុងដេត ដែលនិយាយខុសការពិតទាំងស្រុង និងជាផលប៉ះពាល់ដល់សង្គមជាតិ ដែលកំពុងមានការអភិវឌ្ឍ និងមានការគាំទ្រយ៉ាងត្រចះត្រចង់ពីប្រជាពលរដ្ឋជាង ១៧លាននាក់ និងប្រជាជាតិក្នុងតំបន់អាស៊ានរាប់លាននាក់ លើសមិទ្ធផលដែលទទួលបានជោគជ័យក្នុងការរៀបចំកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នាពេលថ្មីៗកន្លងទៅ ។

គ្រប់សហព័ន្ធកីឡាជាតិ ដែលបានចេញញាត្តិថ្កោលទោស សុទ្ធតែបានអំពាវនាវ និងសំណូមពរយ៉ាងទទូចដល់ស្ថាប័នមានសមត្ថកិច្ច ជាពិសេសស្ថាប័នតុលាការ សូមមេត្ដាចាត់វិធានការតាមនីតិវិធីច្បាប់ និងផ្ដន្ទាទោសឲ្យបានធ្ងន់ធ្ងរបំផុតលើបុគ្គល ស ឡុងដេត ទៀតផង ។

ខាងក្រោមនេះ គឺជាប្រតិកម្មរបស់សហព័ន្ធកីឡាជាតិ ដែលបានប្រកាសញាត្តិថ្កោលទោសជាបន្ដបន្ទាប់ ចំពោះបុគ្គល ស ឡុងដេត៖