(បរទេស)៖ រដ្ឋាភិបាលឥណ្ឌាបានបដិសេធការលើកឡើងរបស់អតីតនាយកប្រតិបត្តិក្រុមហ៊ុន Twitter លោក Jack Dorsey ថាជា «ការកុហកទាំងស្រុក» ដែលថាប្រទេសឥណ្ឌាបានគំរាមបិទ Twitter។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។

នៅព្រឹកថ្ងៃអង្គារសប្តាហ៍នេះអតីត CEO លោក Jack Dorsey បាននិយាយថា ប្រទេសឥណ្ឌាបានគំរាមបិទ Twitter ចោលហើយថែមទាំងមានបំណងបិទការិយាល័យ Twitter ក្នុងស្រុកថែមទៀតផង ប្រសិនបើខ្លួនមិនព្រមអនុវត្តតាមសំណើររបស់រដ្ឋាភិបាលក្នុងការរឹតបន្តឹងទៅលើគណនីដែលរិះគន់រដ្ឋាភិបាលក្នុងអំឡុងដោះស្រាយលើការតវ៉ារបស់កសិករ។

អនុរដ្ឋមន្ត្រីក្រសួងព័ត៌មានឥណ្ឌាលោក Rajeev Chandrasekhar បានឆ្លើយតបទៅនឹងការរិះគន់របស់ Dorsey នៅលើគណនី Twitter ថាជា «ការកុហកទាំងស្រុក» ហើយ «គ្មាននរណាគំរាមបិទ Twitter នោះទេ»។ ខណៈលោកលើកឡើងថា ការអះអាងរបស់ Dorsey គឺគ្រាន់តែចង់លុបបំបាត់របប Twitter របស់ខ្លួនដែលមានបញ្ហាក្នុងការទទួលយកអធិបតេយ្យភាពនៃច្បាប់ឥណ្ឌាប៉ុណ្ណោះ។

តាមការបញ្ជាក់ពីលោក Chandrasekhar បានឱ្យដឹងថា Twitter ក្រោមការដឹកនាំរបស់ Dorsey និងក្រុមរបស់គាត់បានបំពានច្បាប់ឥណ្ឌាម្តងហើយម្តងទៀត។ ដោយឡែកលោកមិនបញ្ចេញឈ្មោះ Musk ទេប៉ុន្តែបានបន្ថែមថា Twitter បានអនុលោមភាពតាំងពីខែមិថុនឆ្នាំ២០២២ មក ជាក់ស្តែងក្នុងអំឡុងពេលទិញយក Twitter របស់ Musk៕