(លីវើភូល)៖ ខ្សែការពារ Calvin Ramsay របស់ក្លិប Liverpool នឹងចូលរួមលេងនៅក្លិប Preston លើកិច្ចសន្យាខ្ចីជើង នៅរដូវកាលក្រោយ។ នេះបើយោងតាមសារព័ត៌មាន Live Score ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។

កីឡាករវ័យ ១៩ឆ្នាំរូបនេះ ទើបតែបានលេងឲ្យក្លិប Liverpool ត្រឹមតែ ៩៣នាទីប៉ុណ្ណោះ ក្នុងការប្រកួតចំនួន ២លើក នៅលីគ Carabao Cup និង Champions League កាលពីខែវិច្ឆិកា ដោយសារមានបញ្ហាខ្នង ហើយក្រោយមកមានរបួសជង្គង់ ដែលបានបញ្ចប់យុទ្ធនាការដំបូងរបស់លោក។

កីឡាករអន្តរជាតិស្កុតឡេនរូបនេះ បានទៅដល់កីឡដ្ឋាន Anfield កាលពីរដូវក្តៅមុន ក្រោយផ្ទេរមកពីក្លិប Aberdeen ក្នុងតម្លៃបឋម ៤លានផោន៕