(ម៉ៃអាម៉ី)៖ អតីតជើងឯកប្រដាល់ក្នុងទ្រុង UFC កីឡាករ Conor McGregor បានកំពុងរងបទចោទប្រកាន់ ករណីរំលោភសេពសន្ថវៈទៅលើស្រ្តីម្នាក់ក្នុងបន្ទប់ទឹក ដែលបានកើតឡើងនាដើមខែមិថុនា ឆ្នាំ២០២៣។

តាមរយៈគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣ នេះថា លិខិតផ្លូវការមួយបានផ្ញើទៅកាន់លោក McGregor នៅពេលមានស្រ្តីម្នាក់បានប្តឹងថា នាងត្រូវបានបំពារបំពានផ្លូវភេទដែលបានកើតឡើងក្នុងបន្ទប់ទឹកនៅឯមជ្ឈមណ្ឌល Kaseya ស្ថិតក្នុងទីក្រុង Miami សហរដ្ឋអាមេរិក ក្រោយពេលទស្សនាវគ្គផ្តាច់ព្រ័ត្របាល់បោះក្របខណ្ឌ NBA រួចមក។

តែយ៉ាងណា មេធាវីរបស់លោក McGregor ក៏បានបញ្ជាក់ផងដែរថា «បទចោទប្រកាន់នេះ គឺជារឿងមិនពិត ហើយថា McGregor គ្មានថ្ងៃធ្វើរឿងបែបនេះនោះទេ» ស្របពេលប៉ូលីសប្រចាំនៅ Miami បានកំពុងបើកការស៊ើបករណីនេះដែរ។

ប៉ុន្តែបើយោងទៅតាមលោកស្រី Ariel Mitchell មេធាវីរបស់ជនរងគ្រោះបានឲ្យដឹងថា ដំបូងឡើយ ដើមចោទរបស់នាង ក៏បានចូលរួមទស្សនាបាល់បោះ NBA ជុំផ្តាច់ព្រ័ត្រ ៤ប្រកួតផងដែរនៅរាត្រីថ្ងៃសុក្រ ទី០៩ ខែមិថុនា មុនពេលកើតរឿងដោយចេតនាបែបនេះ។ នៅក្នុងលិខិតដែលផ្ញើទៅលោក McGregor នោះបានសរសេរថា ស្រ្តីរងគ្រោះត្រូវបានបង្ខំឲ្យចូលបន្ទប់ទឹកខាងបុរសដោយក្រុមសន្តិសុខ មុនពេលករណីហឹង្សាផ្លូវភេទចាប់ផ្តើមដោយបុរសសញ្ជាតិអៀរឡង់ខាងជើងខាងលើ។

ថ្លែងក្នុងកិច្ចសម្ភាសន៍មួយ លោកស្រី Mitchell ក៏បានឲ្យដឹងដែរថា នាងក៏បានទទួលវីដេអូពីសកម្មភាពដោយចេតនានោះដែរ៕