(សៀមរាប)៖ លោកឧកញ៉ា សំ សុខនឿន តំណាងលោកបណ្ឌិត ស៊ាន បូរ៉ាត សមាជិកគណ:កម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីស្នំ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៦ ខែមិថុនានេះ បាននាំយកកុំព្យួទ័រលើតុចំនួន ៥គ្រឿង ប្រគេនជូនព្រះចៅអធិការវត្តវេឡុវ័នដោកពោយគោកក្រោល ស្ថិតនៅភូមិប្ញស្សីសាញ់ ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ដើម្បីរួមចំណែកបង្កើនសមត្ថភាព ក្នុងការសិក្សាស្រាវជ្រាវដល់សមណេសិស្ស និងសិស្សានុសិស្ស ដែលកំពុងសិក្សាក្នុងសាលាពុទ្ធិកបឋមសិក្សា ។

លោកឧកញ៉ា សំ សុខនឿន បានបញ្ជាក់ថា នេះគឺជាលើកទី២ ហើយ ដែលលោក និងក្រុមការងារគណៈពង្រឹងមូលដ្ឋានស្រុកស្រីស្នំ បាននាំយកកុំព្យូទ័រប្រគេនជូនព្រះគ្រូចៅអធិការវត្តវេឡុវ័នដោកពោយគោកក្រោល តាមការស្នើសុំបិណ្ឌបាតរបស់ព្រះគ្រូចៅអធិការវត្ត សម្រាប់បំពេញតម្រូវការបង្រៀនសមណសិស្ស និងសិស្ស នៅក្នុងសាលាពុទ្ធិកបឋមសិក្សា ដែលបច្ចុប្បន្នមានសមណសិស្ស និងសិស្សសរុបចំនួន ១១០អង្គ-នាក់ ។ កាលពីលើកទី១ លោកបានប្រគេនកុំព្យូទ័រចំនួន ៦គ្រឿង ។

ទោះបីការប្រគេនកុំព្យូទ័រខាងលើ មិនអាចឆ្លើយតបតម្រូវការទាំងស្រុង តែលោកឧកញ៉ាសង្កេតឃើញថា កុំព្យូទ័រសរុបទាំង ១១គ្រឿងនេះ នឹងអាចជួយសម្រួលបានច្រើនដល់ការសិក្សារបស់សមណសិស្ស និងសិស្ស ឲ្យស្របតតាមសម័យឌីជីថល ពិសេសពាក់ព័ន្ធនឹងចំណេះដឹងកុំព្យូទ័រ ដើម្បីទទួលបាននូវមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការសិក្សាស្រាវជ្រាវ ឆ្ពោះទៅរកភាពជោគជ័យក្នុងការសិក្សា និងការបំពេញភារកិច្ចការងារផ្សេងៗ នាថ្ងៃអនាគតផងដែរ ។

ជាមួយការប្រគេនកុំព្យូទ័រនេះដែរ ព្រះតេជគុណ បញ្ញាសិរីញាណឥន្ទសី បឿត សុម៉ៅសុវណ្ណរ៉ា ព្រះចៅអធិការវត្តវេឡុវ័នដោកពោយគោកក្រោល មានសង្ឃដិការថា បច្ចុប្បន្នមានសមណសិស្សចំនួន ៤៥អង្គ និងសិស្សចំនួន ៦៥នាក់ កំពុងសិក្សានៅសាលាពុទ្ធិកបឋមសិក្សាក្នុងវត្ត ហើយអ្វីដែលខ្វះខាត គឺកុំព្យូទ័រ ។ ហេតុនេះ ព្រះចៅអធិការវត្ត បានអរគុណលោកឧកញ៉ា សំ សុខនឿន ដែលតែងជួយគិតគូរលើតម្រូវការសម្ភារសិក្សារបស់សមណសិស្ស និងសិស្ស ដែលមានចិត្តចង់សិក្សាខ្ពង់ខ្ពស់ សម្រាប់យកចំណេះដឹងមកជួយអភិវឌ្ឍន៍សង្គមជាតិនាថ្ងៃអនាគត ។

គួរដឹងថា លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល(GRA) និងជាអគ្គនាយកក្រុមហ៊ុន Sam Sn Realty Co., Ltd ជារឿយៗ លោកតែងចូលរួមសកម្មភាពមនុស្សធម៌ ទាំងការងារសង្គម ក៏ដូចជាការងារបក្ស ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិកាន់តែរីកចម្រើន ៕