(ភ្នំពេញ)៖ ដើម្បីជំរុញឱ្យមាននូវផលិតផលហិរញ្ញវត្ថុថ្មីៗ សម្រាប់វិនិយោគិនទាំងនៅក្នុងស្រុក និងក្រៅស្រុក រាជរដ្ឋាភិបាលកម្ពុជា បានខិតខំធ្វើទំនើបកម្ម និងបង្កើតឱ្យមាននូវយន្តការថ្មីៗ ដើម្បីផ្ដល់នូវជម្រើសវិនិយោគសម្បូរបែបដល់វិនិយោគិន។ ក្នុងនោះ «អាជីវកម្មគម្រោងវិនិយោគរួម (Collective Investment Scheme)» ក៏ជាផលិតផលហិរញ្ញវត្ថុមួយ ដែលត្រូវបានបង្កើតឡើង បន្ថែមពីលើផលិតផលហិរញ្ញវត្ថុក្នុងទីផ្សារមូលបត្រដែលមានស្រាប់។

អាជីវកម្មនេះត្រូវបានគេទទួលស្គាល់ថា ជាឧបករណ៍វិនិយោគមួយ ដែលផ្តល់ឱកាសឱ្យវិនិយោគិនអាចចូលរួមក្នុងការវិនិយោគ ដោយមិនតម្រូវឱ្យមានចំណេះដឹង ឬ ជំនាញស៊ីជម្រៅលើការវិនិយោគនោះទេ។ បើទោះបែបនេះក្ដី ក្នុងនាមជាវិនិយោគិនឈ្លាសវៃ ក៏គួរតែសិក្សាស្វែងយល់អំពីដំណើរការទូទៅ និងចំណុចដែលវិនិយោគិនគួរត្រៀមខ្លួន មុនពេលចូលរួមក្នុងអាជីវកម្មគម្រោងវិនិយោគរួម ដើម្បីកាត់បន្ថយ និងគ្រប់គ្រងហានិភ័យឱ្យបានល្អប្រសើរ។

១៖ ស្វែងយល់លក្ខណៈទូទៅរបស់អាជីវកម្មគម្រោងវិនិយោគរួម

អាជីវកម្មគម្រោងវិនិយោគរួម គឺជាឧបករណ៍ ឬ ផលិតផលហិរញ្ញវត្ថុមួយប្រភេទ ដែលអនុញ្ញាតឱ្យសាធារណជនដែលជាវិនិយោគិន អាចចូលរួមមូលធន ជាសាច់ប្រាក់ ឬ វត្ថុដែលមានតម្លៃផ្សេងទៀត ដើម្បីវិនិយោគលើគម្រោងណាមួយតាមផែនការវិនិយោគ និងការចាត់ចែងរបស់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ (Fund Management Company) ហើយទទួលបានមកវិញនូវតម្លៃតបស្នងជាភាគលាភ ឬ ចំណែកណាមួយលើប្រាក់ចំណេញ។

យោងទៅតាមប្រកាសស្តីពីការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម បានកំណត់ឱ្យមានតួអង្គសំខាន់ៗមួយចំនួន ដែលមានតួនាទី និងភារកិច្ចខុសៗគ្នា ដើម្បីធានានូវសុវត្ថិភាព និងតម្លាភាព ក្នុងដំណើរការអាជីវកម្មគម្រោងវិនិយោគរួមទាំងមូល។

ក្នុងដំណើរការអាជីវកម្មគម្រោងវិនិយោគរួមនេះ ជាដំបូង វិនិយោគិនអាចទិញនូវឯកតាមូលនិធិ ដែលបោះផ្សាយលក់ពីក្រុមហ៊ុនគ្រប់គ្រងមូលនិធិផ្ទាល់ ឬក៏ពីក្រុមហ៊ុនចែកចាយ ទិញត្រលប់មកវិញ ឬទូទាត់សង (Distribution Company)។ ហើយក្នុងនោះ ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស (Trustee) ជាអ្នកគ្រប់គ្រង និងថែរក្សានូវសាច់ប្រាក់ដែលប្រមូលបានពីការទិញឯកតាមូលនិធិរបស់វិនិយោគិន។ បន្ទាប់មក ក្រុមហ៊ុនគ្រប់គ្រងមូលនិធិយកទឹកប្រាក់ដែលប្រមូលបាននោះ ទៅវិនិយោគបន្តលើគម្រោងវិនិយោគមួយ ឬច្រើន ដែលខ្លួនគិតថាអាចទទួលបានផលចំណេញ ហើយបែងចែកផលចំណេញនោះទៅឱ្យវិនិយោគិនវិញ តាមគោលការណ៍ដែលបានព្រមព្រៀងគ្នា រវាងក្រុមហ៊ុនគ្រប់គ្រងមូលនិធិ និងវិនិយោគិន។

វិនិយោគិន ក៏មានឱកាសទទួលបាននូវផលចំណេញពីការឡើងថ្លៃនៃឯកតាមូលនិធិដែលខ្លួនបានទិញផងដែរ ព្រោះតម្លៃរបស់ឯកតាមូលនិធិប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ ហើយតម្លៃនេះ អាចត្រូវបានកំណត់ដោយក្រុមហ៊ុនអភិបាលមូលនិធិ (Fund Administrator)។

២៖ ការត្រៀមខ្លួនសម្រាប់និយោគិន ដើម្បីចូលរួមក្នុងអាជីវកម្មគម្រោងវិនិយោគរួម

ដើម្បីកាត់បន្ថយហានិភ័យ បង្កើនសុវត្ថិភាពនៃការវិនិយោគ និងឱ្យការវិនិយោគត្រូវចំគោលដៅ វិនិយោគិន គួរសិក្សាត្រួតពិនិត្យ និងស្រាវជ្រាវអំពីក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ប្រឹក្សាយោបល់ជាមួយនឹងអ្នកជំនាញពាក់ព័ន្ធមួយចំនួនដូចជា ក្រុមហ៊ុនប្រឹក្សាវិនិយោគ ឬ មេធាវី និងចូលរួមវគ្គបណ្តុះបណ្តាលដែលពាក់ព័ន្ធនានាជាដើម។

ក. ការស្រាវជ្រាវអំពីក្រុមហ៊ុនគ្រប់គ្រងមូលនិធិ មុនធ្វើការសម្រេចចិត្តជ្រើសរើស

ដើម្បីត្រួតពិនិត្យ និងស្រាវជ្រាវអំពីក្រុមហ៊ុន វិនិយោគិនគួរពិចារណា និងសិក្សាសក្តានុពលរបស់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិមួយ លើចំណុចមួយចំនួនដូចជា៖

* កេរ្តិ៍ឈ្មោះ និងសាវតារបស់ក្រុមហ៊ុននៅក្នុងទីផ្សារ
* ប្រសិទ្ធិភាពនៃការអនុវត្តការងារ និងសមិទ្ធផលរបស់ក្រុមហ៊ុនដែលមានកន្លងមក
* ទ្រព្យសម្បត្តិរួម និងគម្រោងវិនិយោគផ្សេងៗ ដែលគ្រប់គ្រង និងចាត់ចែងដោយក្រុមហ៊ុន
* បទពិសោធន៍ និងសមត្ថភាពរបស់អ្នកគ្រប់គ្រង និងបុគ្គលិកជំនាញជាន់ខ្ពស់របស់ក្រុមហ៊ុន
* ប្រសិទ្ធិភាពនៃថ្លៃចំណាយ ដែលកើតឡើងពីការគ្រប់គ្រង និងថ្លៃសេវាគ្រប់គ្រងរបស់ក្រុមហ៊ុន
* អនុលោមភាពនៃច្បាប់របស់ក្រុមហ៊ុន រួមមាន ការចុះបញ្ជីក្រុមហ៊ុន អាជ្ញាបណ្ណអាជីវកម្ម កាតព្វកិច្ចនៃការបង់ពន្ធ អនុលោមភាពនៃច្បាប់ផ្សេងទៀតជាដើម។
លើសពីនេះទៅទៀត វិនិយោគិនអាចប្រៀបធៀបក្រុមហ៊ុនគ្រប់គ្រងមូលនិធិមួយទៅនឹងក្រុមហ៊ុនគ្រប់គ្រងមូលនិធិមួយទៀតទៅលើចំណុចទាំងឡាយខាងលើ ដើម្បីបង្កើនប្រសិទ្ធិភាពក្នុងការជ្រើសរើសក្រុមហ៊ុនមូលនិធិឱ្យបានល្អប្រសើរ។

ខ. ការប្រឹក្សាយោបល់ជាមួយអ្នកជំនាញវិនិយោគ ឬ អ្នកជំនាញច្បាប់

ដើម្បីឆ្លើយតបទៅនឹងគោលដៅវិនិយោគរយៈពេលវែង វិនិយោគិនអាចពង្រីកការស្វែងយល់បន្ថែមតាមរយៈការពិភាក្សាជាមួយអ្នកជំនាញផ្នែកហិរញ្ញវត្ថុឯករាជ្យ ដើម្បីជួយក្នុងការរៀបចំផែនការ និងតម្រង់ទិសវិនិយោគឱ្យបានត្រឹមត្រូវ ដែលរួមមានការប្រឹក្សាអំពីលក្ខណៈនៃគម្រោងវិនិយោគ ផលចំណេញ ហានិភ័យដែលអាចកើតមាន ទំហំទឹកប្រាក់ដែលគួរវិនិយោគ ព្រមទាំងវាយតម្លៃទៅលើឱកាស និងលទ្ធផលនៃគម្រោង ដែលបានអះអាងដោយក្រុមហ៊ុនគ្រប់គ្រងមូលនិធិ។

ដោយឡែក នៅក្នុងបរិបទច្បាប់វិញ អ្នកជំនាញច្បាប់ដូចជាមេធាវី ឬ ក្រុមហ៊ុនមេធាវី អាចប្រឹក្សាយោបល់ផ្នែកច្បាប់ពាក់ព័ន្ធនឹងប្រតិបត្តិការរបស់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ក៏ដូចជាសិក្សាពីអនុលោមភាពនៃក្រុមហ៊ុនវិនិយោគ វិភាគអំពីហានិភ័យទៅលើគម្រោងវិនិយោគណាមួយដែលកំពុងដំណើរការដោយក្រុមហ៊ុនគ្រប់គ្រងមូលនិធិជូនវិនិយោគិន ព្រមទាំងពន្យល់ និងបកស្រាយពីសិទ្ធិ និងកាតព្វកិច្ច ព្រមទាំងវិធានការដោះស្រាយវិវាទដែលច្បាប់បានកំណត់ សម្រាប់ជាការគាំពារដល់វិនិយោគិនផងដែរ។

គ. ការចូលរួមវគ្គបណ្តុះបណ្តាល ឬ កម្មវិធីដែលពាក់ព័ន្ធ

កន្លងមក យ៉ាងតិចចំនួន ២ លើក ក្នុងមួយឆ្នាំ និយ័តករមូលបត្រកម្ពុជា បានរៀបចំឱ្យមាននូវវគ្គបណ្តុះបណ្តាល និងការប្រលង រួមទាំងកម្មវិធីអប់រំវិជ្ជាជីវៈផ្សេងៗក្នុងវិស័យមូលបត្រ ដើម្បីជាការចែករំលែក និងផ្សព្វផ្សាយចំណេះដឹងជូនដល់វិនិយោគិនសាធារណៈ។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ វិនិយោគិនដែលចូលរួមអាចទទួលបាននូវគុណវុឌ្ឍិ និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការស្វែងយល់បន្ថែម អំពីការគ្រប់គ្រងហានិភ័យ កាតព្វកិច្ចដែលខ្លួនត្រូវបំពេញ និងយន្តការគាំពារ ដើម្បីធានានូវសិទ្ធិ និងអត្ថប្រយោជន៍របស់ខ្លួន តាមផ្លូវច្បាប់ក្នុងវិស័យមូលបត្រ។

សរុបមកវិញ បើទោះអាជីវកម្មគម្រោងវិនិយោគរួម បានផ្តល់ឱកាស និងលទ្ធភាពឱ្យវិនិយោគិនបណ្តាក់ទុនវិនិយោគ ទៅតាមកម្រិតនៃធនធានដែលខ្លួនមាន និងមិនទាមទារឱ្យមានចំណេះដឹង ជំនាញ និងបទពិសោធន៍ស៊ីជម្រៅក៏ពិតមែន ប៉ុន្តែវិនិយោគគិនក៏គួរមាននូវគន្លឹះជាមូលដ្ឋានមួយចំនួន មុនពេលចូលរួមក្នុងអាជីវកម្មគម្រោងវិនិយោគរួមផងដែរ។ ដូច្នេះគោលបំណងនៃអត្ថបទនេះ គឺសង្ឃឹមថា អាចជាការរួមចំណែកផ្តល់នូវចំណេះដឹង និងបទពិសោធន៍ថ្មីមួយទៀត ដល់វិនិយោគិនក្នុងការថ្លឹងថ្លែង និងពិចារណា អំពីហានិភ័យ និងឱកាស មុនពេលសម្រេចចិត្តចូលរួមក្នុងអាជីវកម្មគម្រោងវិនិយោគរួម។

កំណត់សម្គាល់៖ អត្ថបទខាងលើនេះ គឺជាការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ និងមិនត្រូវបានចាត់ទុកថាជាការផ្តល់ប្រឹក្សាយោបល់ផ្លូវច្បាប់ណាមួយឡើយ។ យើងខ្ញុំមិនទទួលខុសត្រូវចំពោះការប្រើប្រាស់អត្ថបទនេះ ខុសពីគោលបំណងដើមឡើយ។

អត្ថបទនេះរៀបរៀងដោយ មេធាវី ស៊ុម ឆាយ សហការជាមួយ មេធាវី មាស សុវណ្ណ និង កញ្ញា ឡី សុភា ជាជំនួយការមេធាវី នៃផ្នែកស្រាវជ្រាវ និងផ្សព្វផ្សាយ របស់ក្រុមហ៊ុនមេធាវី ខេ អេច អេស & ផាតនើ ដែលមានអាសយដ្ឋាននៅ អគារ GIA ជាន់ទី១៥ ផ្លូវសុភមង្គល (កោះពេជ្រ) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទូរសព្ទលេខ៖ (855) 11 999 353 អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.khs-partners.com និងហ្វេសបុកផេក៖ KHS & Partners ៕

ទាញយកឯកសារពេញ៖ https://www.facebook.com/100087547712194/posts/pfbid0bUUgZBCApfG7KgEwRiKCsG1BD6efU9L2dpA4qhp2W2YnqBUtxkqafdpcmTshLQizl/?mibextid=cr9u03