(ម៉ាឌ្រីដ)៖ ខ្សែប្រយុទ្ធ Joselu ដែលលេងក្នុងនាមកីឡាករបម្រុងនោះ ជាអ្នករកបានគ្រាប់ជ័យជម្នះ ២-១ ទៅលើគូប្រកួតអ៉ីតាលី ដោយបានជួយអេស្ប៉ាញឡើងវគ្គផ្តាច់ព្រ័ត្រដណ្តើមពានលីគអឺរ៉ុប UEFA Nations League 2022-2023 ដោយត្រូវប៉ះក្រូអាតចុងសប្តាហ៍នេះ។

Joselu ដែលបានចូលលេងជំនួសមិត្តរួមជាតិ Alvaro Morata នៅនាទី៨៤ នោះ គឺរកបានគ្រាប់នាំមុខតែម្តងត្រឹមរត់ក្នុងទីលានបាន ៤នាទីប៉ុណ្ណោះ នៅពេលបាល់សល់ពីការប៉ះខ្សែការពារអ៉ីតាលី ក្រោយស៊ុតចេញពីជើងរបស់កីឡាករ Rodri នោះនៃប្រកួតបញ្ចប់វគ្គ ៤ក្រុមចុងក្រោយក្នុងទឹកដីប្រទេសហូឡង់។

យ៉ាងណា អតីតក្រុមរងជើងឯក Nations League ឆ្នាំ២០២២ ដែលពួកគេបានចាញ់ក្រុមមាន់គកបារាំងនោះ ត្រូវឡើងទៅប៉ះក្រុមខ្លាំងនៅអឺរ៉ុបមួយទៀត គឺក្រឡាអុកក្រូអាតនារាត្រីថ្ងៃអាទិត្យ ឆ្លងចូលថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ (ម៉ោងនៅកម្ពុជា) ក្នុងការប្រជែងយកជើងឯកពានលីគអឺរ៉ុបក្នុងរដូវកាលទី៣ នេះ នាកីឡដ្ឋាន De Kuip ស្ថិតក្នុងប្រទេសហូឡង់ គ្រាដែលអាសូរីអ៉ីតាលី ក៏ត្រូវជួបហូឡង់ ដើម្បីប្រជែងយកចំណាត់ថ្នាក់លេខ៣ ដែរ។

Joselu រកបានគ្រាប់ទី៣ ពីការចូលលេងក្នុងក្រុមជម្រើសជាតិគោជល់អេស្ប៉ាញបាន ៣លើកដូចគ្នា នៅក្រោយពេលមិត្តរួមក្រុម Yeremy Pino ជាអ្នករកគ្រាប់បែកពងមាន់ ក្រោយដំណើរការប្រកួតទើបបាន ៣នាទី នៅមុនពេល Robin le Normand បានធ្វើឲ្យមានកំហុសក្នុងប្រអប់គ្រោះថ្នាក់ដោយយកដៃប៉ះបាល់ នាំឲ្យ Ciro Immobile ស៊ុតគ្រាប់ ១១ម៉ែត្រតាមស្មើបានសម្រេចនៅ ៨នាទីបន្ទាប់។

ខ្សែប្រយុទ្ធដែលត្រូវបានជ្រើសរើសចេញពីក្លិបក្នុងស្រុក Espanyol ត្រូវរង់ចាំរង់ចាំរហូតដល់ជិតបញ្ចប់ការប្រកួត ទើបលោក Luis De La Fuente ដាក់ចូលលេងជំនួស Morata៕