(បរទេស)៖ ក្រុមហ៊ុនផលិត Memory Chip ដ៏ធំមួយរបស់អាមេរិក Micron Technology បានប្រកាសខ្លួនវិនិយោគទឹកប្រាក់ជិត ៦០៣លានដុល្លារអាមេរិក នៅក្នុងរោងចក្រប្រទេសចិន ទីក្រុង Xian។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។

Micron បានឈរជើងជាមួយនឹងរោងចក្រផលិត Memory Chip Computer និង Storage ប្រភេទ dynamic random-access ដែលត្រូវបានគេស្គាល់ថាជាប្រភេទ DRAM និង Flash Memory អស់រយៈពេលជាង ១៦ឆ្នាំមកហើយ។ ប្រទេសចិនគឺជាទីផ្សារធំទីបីរបស់ក្រុមហ៊ុនអាមេរិកយក្សនេះ ដែលគ្រាន់តែប្រាក់ចំណូលដែលរកបានក្នុងឆ្នាំ២០២២ មានប្រហែល ១០.៧ភាគរយឯណោះ។

យ៉ាងណាជុំវិញការបោះទុនវិនិយោគក្នុងទឹកប្រាក់ដ៏ច្រើននេះគេមិនច្បាស់ថា Micron នឹងអភិវឌ្ឍន៍ទៅលើអ្វីខ្លះនោះទេ តែបើយោងតាមសេចក្តីថ្លែងការណ៍មួយពី Micron ទំនងជាមានពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងទិញយករវាងក្រុមហ៊ុនផលិតបន្ទះឈីបចិន Powetech Technology ដែលមានទីតាំងនៅទីក្រុង Xian។ ខណៈក្រុមហ៊ុននេះបានប្រកាសលក់ឧបករណ៍មួយចំនួនដែលជាកម្មសិទ្ធរបស់ខ្លួន។

គួរជម្រាបដែរថា បច្ចុប្បន្ននេះ Micron នៅមិនទាន់រួចខ្លួនពីការហាមឃាត់ប្រទេសចិននៅឡើយនោះទេ។ តាមរយៈរបាយការណ៍ខែឧសភា កន្លងទៅប្រទេសចិនបានហាមឃាត់ការលក់ផលិតផល Micron មួយចំនួន បន្ទាប់ពីចាប់ផ្តើមការស៊ើបអង្កេតលើបន្ទះឈីប memory យក្សរបស់អាមេរិកសម្រាប់ហានិភ័យសុវត្ថិភាពអ៊ីនធឺណិត៕