(បរទេស)៖ ក្រុមហ៊ុនចែកចាយភាពយន្ត Vox Cinemas បាននិយាយឲ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា អេមីរ៉ាត់អារ៉ាប់រួមនឹងមិនអនុញ្ញាតឲ្យចាក់បញ្ចាំងរឿង «Spider-Man: Across the Spider-Verse» ដែលជារឿងថ្មីរបស់ Sony ទេ ចំពេលមានការជជែកដេញដោលគ្នាតាមអ៊ីនធឺណិត និងក្នុងចំណោមអ្នកគាំទ្រភាពយន្ត ក្នុងតំបន់អំពីការគាំទ្រអ្នកកែភេទ និងស្រឡាញ់ភេទដូចគ្នា។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។

ខ្សែភាពយន្ដដែលជាវគ្គបន្តនៃរឿង «Spider-Man: Into the Spider-Verse» ដែលទទួលបានពានរង្វាន់អូស្ការឆ្នាំ២០១៨ ត្រូវបានចេញផ្សាយនៅថ្ងៃទី០២ ខែមិថុនា នៅសហរដ្ឋអាមេរិក ហើយត្រូវបានកំណត់សម្រាប់ការចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា នៅក្នុងតំបន់ឈូងសមុទ្រអារ៉ាប់។ ទោះយ៉ាងណា ក្រុមហ៊ុន Vox Cinemas បានបញ្ជាក់កាលពីថ្ងៃទី១៥ ខែមិថុនាថា ខ្សែភាពយន្តនេះ នឹងមិនត្រូវបានចេញផ្សាយនៅអារ៉ាប់រួមនោះទេ។

ក្រុមប្រឹក្សាប្រព័ន្ធផ្សព្វផ្សាយ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម បានឲ្យដឹងនៅថ្ងៃច័ន្ទសប្តាហ៍នេះ តាមរយៈបណ្តាញសង្គម Twitters ថា «នឹងមិនអនុញ្ញាតឲ្យមានការផ្សព្វផ្សាយ ឬការបោះពុម្ពផ្សាយខ្លឹមសារដែលផ្ទុយនឹងតម្លៃ និងគោលការណ៍របស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងស្តង់ដារនៃមាតិកាប្រព័ន្ធផ្សព្វផ្សាយ ដែលចែងជាធរមាននៅក្នុងប្រទេសនេះទេ»។ តែយ៉ាងណា ក្រុមប្រឹក្សានេះ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម ឬសំដៅលើខ្លឹមសារជាក់លាក់ណាមួយឡើយ។

គួរជម្រាបថា នៅខែមិថុនា ឆ្នាំ២០២២ អេមីរ៉ាតអារ៉ាប់រួម ក៏ធ្លាប់បានហាមប្រាមខ្សែភាពយន្តគំនូរជីវចលរបស់ Walt Disney-Pixar រឿង «Lightyear» ពីការចាក់បញ្ចាំងផងដែរ ព្រោះមានតួអង្គដែលនិយាយពីទំនាក់ទំនងភេទដូចគ្នា៕