(ឡុងដ៍)៖ កីឡាករ N'Golo Kante ចាកចេញពីក្លិប Chelsea បន្ទាប់ពីរយៈពេល ៧ឆ្នាំ លេងនៅក្លិបម្ចាស់កីឡដ្ឋាន Stamford Bridge ហើយបានចូលរួមជាមួយក្លិប Al-Ittihad ដោយឥតបង់ថ្លៃ លើកិច្ចសន្យារយៈពេល ៣ឆ្នាំ។ នេះបើតាមការប្រកាសពីក្លិបអារ៉ាប៊ីសាអូឌីត ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។

កីឡាករអន្តរជាតិបារាំង ដែលបានចូលរួមជាមួយក្លិប មានមូលដ្ឋាននៅភាគខាងលិចទីក្រុង London ក្រោយផ្លាស់មកពីក្លិប Leicester City ក្នុងឆ្នាំ២០១៦នេះ នឹងលេងរួមក្រុម ជាមួយកីឡកររួមសញ្ជាត Karim Benzema នៅឯក្លិប Al-Ittihad។

សារព័ត៌មានអង់គ្លេស បានចុះផ្សាយថា ខ្សែបម្រើវ័យ៣២ឆ្នាំរូបនេះ បានចុះហត្ថលេខា លើកិច្ចសន្យាតម្លៃប្រមាណ៨៦លានផោន (១០៩.៧៨លានដុល្លារ) ក្នុងមួយឆ្នាំ។

​Kante បានឈ្នះពានរង្វាន់ Champions League, Premier League, Europa League និង FA Cup អំឡុងពេលលេងនៅ Chelsea។

រដូវកាលមុនរបស់ Kante បានជួបការលំបាក ដោយសារបញ្ហារបួស ដោយលោកបានខកខាន៣៨ប្រកួត នៅក្នុងការប្រកួតទាំងអស់ ជាមួយនោះ Chelsea បានខិតខំតស៊ូ ដោយគ្មានវត្តមានលោក និងបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១២ ក្នុងលីគ Premier League។

គួរជម្រាបថា កីឡាករលំដាប់ខ្ពស់ជាច្រើនរូប បានលេចព័ត៌មានថា គ្រោងផ្លាស់ទៅលេងនៅអារ៉ាប៊ីសាអូឌីត ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ, ស្របពេលដែល Cristiano Ronaldo បានចុះកិច្ចសន្យា លេងឲ្យក្លិប Al-Nassr កាលពីខែធ្នូ ឆ្នាំមុន ដែលមានតម្លៃប្រមាណ២២០លានដុល្លារ ក្នុងមួយឆ្នាំ៕