(ឡុងដ៍)៖ កីឡាករ Mateo Kovacic ខិតជិតនឹងចូលរួមជាមួយក្លិប Manchester City ហើយ បន្ទាប់ពីពួកគេបានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយក្លិប Chelsea ជាមួយនឹងតម្លៃ ៣០លានផោន។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។

ខ្សែបម្រើសញ្ជាតិក្រូអាត មានវ័យ ២៩ឆ្នាំរូបនេះ គ្រោងនឹងចូលរួមជាមួយក្លិបម្ចាស់ពានរង្វាន់ Premier League ក្នុងតម្លៃបឋម ២៥លានផោន ជាមួយនឹងប្រាក់បន្ថែម ៥លានផោន។

Chelsea បាននិងកំពុងបន្តការលក់ចេញកីឡាកររបស់ខ្លួន ខណៈពួកគេកំពុងធ្វើការកាត់បន្ថយក្រុមធំ របស់អ្នកចាត់ការថ្មី Mauricio Pochettino។

ខ្សែបម្រើរួមក្រុម N'Golo Kante ក៏កំពុងស្ថិតក្នុងការផ្ទេរចេញផងដែរ ដោយបានព្រមព្រៀង ក្នុងការចូលរួមលេងឲ្យក្លិប Al-Ittihad នៅអារ៉ាប៊ីសាអូឌីត។

សូមជម្រាបថា Kovacic បានចូលរួមជាមួយ Chelsea ផ្លាស់មកពី Real Madrid ក្នុងឆ្នាំ២០១៩ ដោយដំបូងឡើយលេងខ្ចីជើង មុនពេលចុះកិច្ចសន្យាអចិន្ត្រៃយ៍ ក្នុងរយៈពេល ៥ឆ្នាំ៕