(ភ្នំពេញ)៖ ក្រុមបាល់ទាត់ភ្នំពេញក្រោន ជើងឯកលីគកំពូលកម្ពុជា(CPL 2022) នឹងត្រូវជួបក្រុមជើងឯកលីគកំពូលឡាវ Young Elephants FC ក្នុងវគ្គជម្រុះ Preliminary Stage នៃពានរង្វាន់ AFC Cup 2023 ដើម្បីប្រជែងកៅអីវគ្គបន្ដក្នុងពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ីមួយនេះ ។

តាមគម្រោងជំនួបវគ្គជម្រុះបឋមប្រចាំតំបន់អាស៊ីអាគ្នេយ៍ រវាងក្រុមជើងឯកទាំងពីរ នឹងធ្វើឡើងនាថ្ងៃទី១៦ ខែសីហាខាងមុខ ខណៈក្រុមឈ្នះ នឹងត្រូវឡើងទៅជួបក្រុម Tampines Rovers របស់សិង្ហបុរី ដែលកំពុងឈរចាំនៅវគ្គជម្រុះ Play-Off Stage នាថ្ងៃទី២៣ ខែសីហា ដើម្បីដណ្ដើមកៅអីវគ្គចែកពូល ឬវគ្គ Group Stage បន្ដ ។

ដើម្បីត្រៀមការប្រកួតពានរង្វាន់ប្រចាំទ្វីប ក៏ដូចជាត្រៀមការប្រកួតពានរង្វាន់ Cambodian Premier League រដូវកាលថ្មី ឆ្នាំ២០២៣-២០២៤ ខាងមុខផងដែរ កាលពីល្ងាចថ្ងៃទី២១ ខែមិថុនាម្សិលមិញ ក្រុមភ្នំពេញក្រោន បានចេញដំណើរទៅប្រកួតមិត្តភាពអន្ដរជាតិមួយចំនួន នៅប្រទេសឥណ្ឌូនេស៊ី និងថៃ កំឡុងពេល Pre-Season ។ សម្រាប់ជំនួបមិត្តភាពដំបូងរបស់ក្រុមជើងឯក ៨មស័យនេះ នឹងត្រូវជួបក្រុម PSIS FC របស់ឥណ្ឌូនេស៊ីមុនគេ នាល្ងាចថ្ងៃទី២៤ ខែមិថុនាចុងសប្ដាហ៍នេះ ៕