(ភ្នំពេញ)៖​ អ្នកធ្វើដំណើររាប់លាននាក់ទូទាំងពិភពលោក​ នាថ្ងៃទី២០​ ខែមិថុនា​ ឆ្នាំ២០២៣ បានបោះឆ្នោតឱ្យក្រុមហ៊ុន​ AirAsia ក្លាយជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបនិងល្អបំផុតលើពិភពលោកចំនួន ១៤លើកជាប់ៗគ្នា​ ដែលមិនធ្លាប់មានពីមុនមក​ក្នុងកម្មវិធី Skytrax World Airline Awards 2023 (Skytrax) ។

ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ដែលមានគុណភាពខ្ពស់ ស្តង់ដាអន្តរជាតិប្រកបដោយឧត្តមភាព លទ្ធផលពានរង្វាន់ចុងក្រោយដែលមានក្រុមហ៊ុនអាកាសចរណ៍ជាង ៣២៥ បានចូលរួម ក្រុមហ៊ុន AirAsia ជាក្រុមហ៊ុនមួយដែលកំពុងលេចធ្លោជាងគេ និងស្ថិតនៅលំដាប់កំពូល។ អ្នកដំណើរជាង ១០០សញ្ជាតិ បានចូលរួមក្នុងការស្ទង់មតិតាមអនឡាញ ជាមួយនឹងអ្នកដែលមានសិទ្ធិ 20.23 លាននាក់ ត្រូវបានរាប់បញ្ចូលក្នុងលទ្ធផលចាប់ពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែឧសភា ឆ្នាំ២០២៣​ ជារយៈពេលដែលក្រុមហ៊ុន AirAsia បានបង្កើនបណ្តាញហោះហើររបស់ខ្លួនជាបន្តបន្ទាប់ទៅកាន់គោលដៅជាង១៣០ ។

ការទទួលស្គាល់ដ៏ពិសេសនេះជាសក្ខីភាពដ៏ខ្លាំងក្លាមួយចំពោះការងើបឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ និងកំណើនដ៏រឹងមាំនៅក្នុងផ្លូវហោះហើរ និងអ្នកដំណើររបស់ខ្លួន រួមជាមួយនឹងការប្តេជ្ញាចិត្តឥតងាករេចំពោះការច្នៃប្រតិដ្ឋ និងការផ្តល់សេវាកម្មពិសេសបើទោះបីជាមានបញ្ហាប្រឈមដែលបណ្តាលមកពីជំងឺរាតត្បាតជាសកលក៏ដោយ។ ជាលទ្ធផល AirAsia ជាថ្មីម្តងទៀត នៅតែជាក្រុមហ៊ុនអាកាសចរណ៍ដែលផ្តល់ជូននូវតម្លៃទាប លំដាប់កំពូលសម្រាប់អ្នកធ្វើដំណើរដែលស្វែងរកការហោះហើរដ៏ល្អបំផុតទាំងតម្លៃទាំងជម្រើស។

ក្នុងពិធីទទួលពានរង្វាន់ពីកម្មវិធី Paris Air Show 2023 នាប្រទេសបារាំង កាលពីថ្ងៃអង្គារកន្លងទៅ នាយកប្រតិបត្តិផ្នែក Capital A លោក Tony Fernandes បានមានប្រសាសន៍ថា យើងពិតជាមានមោទកភាព និងដឹងគុណយ៉ាងក្រៃលែងចំពោះពានរង្វាន់ដ៏មានអត្ថន័យនេះ ដែលបានផ្តល់ឱ្យយើងដោយអ្នករៀបចំកម្មវិធី Skytrax អ្នកបោះឆ្នោត និងអ្នកគាំទ្រទាំងអស់របស់ AirAsia។ ការទទួលបានពានរង្វាន់នៃឧត្តមភាពក្នុងរយៈពេល​ ១៤លើកជាប់ៗគ្នានេះ គឺជាសមិទ្ធផលដ៏អស្ចារ្យមួយដែលបំពេញដួងចិត្តរបស់យើងដោយភាពរីករាយ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ។ នេះជាស្នាដៃដ៏អស្ចារ្យមួយសម្រាប់ក្រុមហ៊ុនក្នុងឧស្សាហកម្មនេះ ហើយរឹតតែពិសេសសម្រាប់ម៉ាកយីហោ អាស៊ានរបស់យើងប្រកបដោយក្តីមោទនៈថែមទៀតផង។

លោក Edward Plaisted នាយកប្រតិបត្តិនៃ Skytrax បានថ្លែងឲ្យដឹងដែរថា AirAsia គឺជាក្រុមហ៊ុនដែលទទួលបានការពេញចិត្តខ្លាំងនៅក្នុងការស្ទង់មតិរបស់អ្នកដំណើរ ហើយបានផ្តល់នូវកម្រិតគួរឱ្យកត់សម្គាល់នៃភាពជាប់លាប់ពីមួយឆ្នាំទៅមួយឆ្នាំ ចាប់តាំងពីប្រភេទក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប ល្អបំផុតរបស់ពិភពលោក ត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីផ្តល់រង្វាន់ក្នុងឆ្នាំ២០១០។ ការទទួលស្គាល់ពីអតិថិជនគួរតែជាប្រភពនៃមោទកភាពដ៏អស្ចារ្យសម្រាប់គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ ក្រុមហ៊ុនអាកាសចរណ៍ក្នុងគ្រាដែលមានការលំបាកខណៈ ការធ្វើដំណើរបានត្រឡប់មកវិញក្រោយការរាតត្បាតនៃជំងឺកូវីដ។

ដោយមានយន្តហោះចំនួន១៧០គ្រឿង បានដំណើរការឡើងវិញ ក្រុមហ៊ុន AirAsia រំពឹងថា នឹងដាក់ដំណើរការឡើងវិញចំនួន ២០៤គ្រឿង នៅចុងខែសីហាឆ្នាំនេះ។ មិនត្រឹមតែអាចសម្រេចបាន 100% នៃសមត្ថភាពរបស់ខ្លួនដូចមុនពេលកើតមានជំងឺរាតត្បាតប៉ុណ្ណោះទេ ក្នុងប៉ុន្មានខែខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ក៏កំពុងសម្លឹងមើលការពង្រីកខ្លួនបន្ថែមទៀតជាមួយនឹងការបន្ថែមយន្តហោះថ្មីចំនួន ១៩គ្រឿង ដែលនឹងហោះហើរនៅឆ្នាំនេះរួមទាំងយន្តហោះ ប្រភេទ Frontier ចំនួន ៤គ្រឿងទៀត។

ក្រុមហ៊ុនអាកាសចរណ៍ AirAsia ណែនាំដល់ការបញ្ជាទិញយន្តហោះក្នុងរយៈពេលវែងរបស់ខ្លួនផងដែរ ដើម្បីនាំយកនូវប្រភេទក្រុមយន្តហោះដ៏ធំបំផុតចំនួន ៣៦២គ្រឿង ដែលយន្តហោះដំបូងនឹងដឹកជញ្ជូននាឆ្នាំ២០២៤ខាងមុខ។ ក្រុមហ៊ុនអាកាសចរណ៍ក៏កំពុងទន្ទឹងរង់ចាំអាជីវកម្មដឹកទំនិញ និងដឹកជញ្ជូនរបស់ខ្លួន Teleport ផងដែរ ដែលនឹងទទួលបានប្រភេទយន្តហោះដឹកជញ្ជូន A321Fs មួយគ្រឿង ក្នុងចំណោមបីគ្រឿងនាខែកក្កដានេះ ដើម្បីបង្កើនបរិមាណនិងល្បឿនសម្រាប់ការដឹកជញ្ជូនឆ្លងដែននៅក្នុងតំបន់។

ក្រុមហ៊ុន AirAsia ក៏បញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធ្វើឱ្យអតិថិជនទទួលបានបទពិសោធន៍ល្អឥតខ្ចោះជាមួយនឹងការធ្វើឱ្យប្រសើរឡើងនូវ AI ជាច្រើនសម្រាប់ chatbot AskBo របស់ខ្លួន រួមជាមួយនឹងការដាក់ឲ្យដំណើរការនូវបច្ចេកវិទ្យាសម្គាល់ផ្ទៃមុខ (biometric facial recognition technology) - FACES - នៅលើតម្រាយផ្លូវស្នូលក្នុងស្រុករបស់ខ្លួន ដែលនឹងធ្វើឱ្យការហោះហើរ និងការតភ្ជាប់ជាមួយក្រុមហ៊ុនអាកាសចរណ៍កាន់តែមានប្រសិទ្ធភាព និងគ្មានភាពចន្លោះប្រហោងដូចកាលពីមុន។

លោក Tony បានបន្ថែមថា មនុស្សគ្រប់គ្នាត្រូវបានចាត់ទុកជាទ្រព្យសម្បត្តិដ៏ធំបំផុតរបស់ក្រុមហ៊ុនអាកាសចរណ៍យើង ហើយយើងមានសេចក្តីរំភើបរីករាយក្នុងការបញ្ជាក់ថា Allstars របស់យើងទាំងអស់ ២២​ ០០០នាក់ ដែលខិតខំដោយមិនចេះនឿយហត់ក្នុងការផ្តល់នូវសេវាកម្ម និងបទពិសោធន៍ដ៏ល្អបំផុតដល់ភ្ញៀវរាប់លាននាក់របស់យើង ទាំងនៅលើដី ទាំងនៅលើអាកាស ឥឡូវនេះពួកគេត្រឡប់មកមប្រើលោកអ្នកវិញហើយ។ ពានរង្វាន់នេះត្រូវបានឧទ្ទិសដល់ Allstars និងភ្ញៀវទាំង ៨០០លាននាក់ ហើយរាប់ទាំងអ្នកដែលបានបោះឆ្នោតឱ្យ AirAsia ម្តងហើយម្តងទៀតផងដែរដែលនេះជាផ្នែកមួយនៃដំណើរដ៏មិនគួរឱ្យជឿ៕