(បរទេស)៖ ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្សចិន Alibaba ប្រកាសតែងតាំងនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុនថ្មី ខណៈCEO បច្ចុប្បន្នលោក Daniel Zhang គ្រោងចុះចេញពីតំណែងក្នុងឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។

ដើមសប្តាហ៍នេះ Alibaba ប្រកាសរុះរើអ្នកដឹកនាំដ៏សំខាន់ជាច្រើនរូបក្នុងក្រុមហ៊ុន បន្ទាប់ពីមានការរង្គោះរង្គើដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ បុគ្គលសំខាន់ៗដែលត្រូវបានតែងតាំងតួនាទីថ្មីត្រូវបានគេស្គាល់ថាសុទ្ធសឹងតែជាមនុស្សជំនិតរបស់សហស្ថានិក Alibaba លោក Jack Ma។

Alibaba បានប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះថា លោក Eddie Yongming ដែលជាប្រធានប្រតិបត្តិអង្គភាពពាណិជ្ជកម្មអេឡិចត្រូនិក Taobao និង Tmall Group និងចូលមកកាន់តំណែងជា CEO បន្តពីលោក Daniel Zhang ចំណែកឯលោក Joe Tsai ដែលជាសហស្ថាបនិកមួយរូប និងជាប្រធានផ្នែកហិរញ្ញវត្ថុ Alibaba នឹងត្រូវបានតែងតាំងទៅជាក្រុមប្រឹក្សាភិបាលជំនួសវិញ។ ការតែងតាំងបុគ្គលសំខាន់ទាំងពីររូបនេះនឹងចូលជាធរមាននៅថ្ងៃទី១០ ខែកញ្ញា ខាងមុខនេះ ហើយលោក Zhang នឹងទទួលបន្ទុកជាប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ (CEO) អង្គភាព Cloud របស់ Alibaba បន្ត។

នេះជាលើកទី២ហើយដែល Alibaba បានធ្វើការផ្លាស់ប្តូរដ៏ធំក្នុងភាពជាអ្នកដឹកនាំប្រតិបត្តិក្នុងរយៈពេលពីរបីឆ្នាំបន្ទាប់ពីសហស្ថាបនិក Jack Ma បានលាឈប់នៅឆ្នាំ២០១៩។ ហើយវាកើតឡើងប៉ុន្មានខែបន្ទាប់ពីក្រុមហ៊ុនបានប្រកាសពីការរៀបចំរចនាសម្ព័ន្ធដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេល ២៤ឆ្នាំ។ កាលពីខែមីនាកន្លងទៅ Alibaba បានបំបែកក្រុមហ៊ុនទៅជា ៦ផ្នែកដាច់ដោយឡែកពីគ្នាដោយក្នុងនោះ Alibaba ជាក្រុមហ៊ុនគោល និងមាន ៥ផ្នែកទៀតរួមមានអង្គភាព Cloud, e-commerce, logistics, media និង entertainment ជាអង្គភាពដែលស្ថិតនៅក្រោមការគ្រប់គ្រង ខណៈអង្គភាពទាំងនេះនឹងត្រូវបានត្រួតពិនិត្យដោយនាយកប្រតិបត្តិ និងក្រុមប្រឹក្សាភិបាលរៀងៗខ្លួន។

គួរជម្រាបដែរថា លោក Zhang ត្រូវបានតែងតាំងដោយ Alibaba ជានាយកប្រតិបត្តិនៅខែឧសភា ឆ្នាំ ២០១៥ ដែលមានរយៈពេល ៨ឆ្នាំបន្ទាប់ពីលោកបានចូលបម្រើការងារដំបូងនៅក្នុងក្រុមហ៊ុន Alibaba។ ដោយឡែកនៅឆ្នាំ ២០១៩ លោកបានជំនួសតំណែងលោក Jack Ma និងកាន់តួនាទីបន្ថែមទៀតជាប្រធានប្រតិបត្តិ ស្របពេលដែល Ma បានចូលនិវត្តន៍នៅឆ្នាំ២០១៩នោះ៕