(ភ្នំពេញ)៖ ក្រុមបាល់ទះ វិសាខា បានយកឈ្នះក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី Wei Xu Johor Sukma ដោយលទ្ធផល ៣-០ (សិត) ក្នុងជំនួបបើកឆាកវគ្គជម្រុះពូល A នៃពានរង្វាន់អន្ដរជាតិ Johor Bahru-Mayor’s Cup 2023 នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នេះ ។

ការប្រកួតដំបូងនេះ វិសាខា ធ្វើបានយ៉ាងល្អ ដោយមិនឲ្យក្រុមម្ចាស់ផ្ទះតដៃរួចឡើយ បន្ទាប់ពីយកឈ្នះ ៣សិតផ្ទួនៗ ជាមួយពិន្ទុ ២៥-១៥, ២៥-១៩ និង ២៥-១៥ពិន្ទុ នៅទីលាន Larkin Arean MBJB ។

បន្ទាប់ពីទទួលបានជ័យជម្នះក្នុងការប្រកួតខាងលើ នៅម៉ោង ៨យប់ថ្ងៃដដែលនេះ ក្រុមបាល់ទះវិសាខា នឹងត្រូវជួបក្រុម Win Streak Taiwan មកពីកោះតៃវ៉ាន់វិញម្ដង ដែលជាប្រកួតទី២ ក្នុងពូល A មុនប្រកួតបញ្ចប់ពូល ជាមួយក្រុម Sarawak របស់ម៉ាឡេស៊ី នាព្រឹកថ្ងៃទី២៣ ខែមិថុនាស្អែក ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Johor Bahru-Mayor’s Cup 2023 នៅប្រទេសម៉ាឡេស៊ីវិញ គឺធ្វើការប្រកួតរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២២-២៥ ខែមិថុនា ដោយមមានក្លិបចំនួន ៧ ចូលរួម និងបែងចែកជា ២ពូល ក្នុងនោះពូល A មានក្រុមវិសាខា (កម្ពុជា), ក្រុម Win Steak (កោះតៃវ៉ាន់) និងក្រុមម៉ាឡេស៊ី ២ក្រុម គឺក្រុម Sarawak និងក្រុម Wei Xu Johor Sukma ។ រីឯពូល B មាន ៣ក្រុម គឺក្រុម Songkhla (ថៃ), ក្រុម Way Li (កោះតៃវ៉ាន់) និងក្រុម Shah Alam City Council របស់ម្ចាស់ផ្ទះម៉ាឡេស៊ី ៕