(បរទេស)៖ WhatsApp ដែលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Meta Platforms នៅពេលនេះត្រូវបានគេរាយការណ៍មកថា បាននិងកំពុងតែសិក្សាទៅលើមុខងារថ្មីដែលនឹងបង្ហាញផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុង App របស់ខ្លួន ជាលើកដំបូង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។
ព័ត៌មានដ៏ទាក់ទាញមួយនេះ ត្រូវបានចេញផ្សាយដំបូងគេដោយកាសែត Financial Times ដោយក្នុងនោះបានបញ្ជាក់ឱ្យដឹងថា ក្រុមការងាររបស់ក្រុមហ៊ុន Meta បានពិភាក្សាទៅលើទីតាំងសម្រាប់ការបង្ហាញផ្ទាំងផ្សាយពាណិជ្ជកម្ម ដោយក្នុងនោះកន្លែងដែលចាប់អារម្មណ៍ជាងគេគឺ WhatsApp chat screen ប៉ុន្តែគេនៅមិនទាន់ដឹងថា ក្រុមហ៊ុន Meta សម្រេចចិត្តបែបណានោះទេ ទៅលើករណីនេះ។
ក្រៅពីទីតាំងនៃការបង្ហាញផ្ទាំងផ្សាយពាណិជ្ជកម្មហើយនោះ ក្រុមការងារ Meta ក៏កំពុងសិក្សាទៅលើតម្លៃ subscription ប្រចាំខែដើម្បីកុំឱ្យមានផ្ទាំងផ្សាយពាណិជ្ជកម្មនៅលើ App (ad-free)។ ត្រង់ចំណុចនេះមានន័យថា សម្រាប់អ្នកប្រើប្រាស់ទាំងអស់ អាចបិទផ្ទាំងផ្សាយណិជ្ជកម្ម ឬប្រើប្រាស់ WhatsApp ដោយមិនមានការផ្សព្វផ្សាយពាណិជ្ជកម្មដូចមុនបាន ប៉ុន្តែតម្រូវឱ្យមានការបង់ប្រាក់ប្រចាំខែ។
ពាក់ព័ន្ធនឹងព័ត៌មាននេះ ខាងក្រុមហ៊ុន WhatsApp ឬ Meta មិនបានឆ្លើយបតទៅនឹងការផ្សាយរបស់សារព័ត៌មានខាងលើឡើង ប៉ុន្តែប្រភពផ្ទៃក្នុងបានបញ្ជាក់ថា Meta គឺពិតជាកំពុងសិក្សាលើរឿងនេះមែន ហើយក៏មានការជំទាស់ពីសំខាន់បុគ្គលិកជាន់ខ្ពស់មួយចំនួនផងដែរទៅលើការផ្លាស់ប្ដូរមួយនេះ៕