(បរទេស)៖ UEFA Champions League ជាក្របខណ្ឌបាល់ទាត់លីគកំពូលប្រចាំទ្វីបអឺរ៉ុបទាំងមូល ដែលមានការប្រកួតប្រជែងដ៏រំជើបរំជួលជារៀងរាល់ឆ្នាំតែម្តង ជាមួយនឹងរយៈពេលជិត ៨ខែផងដែរ ទម្រាំតែរកឃើញជើងឯកនោះ។
ជាបន្តទៅទៀតនេះ Fresh News Plus សូមលើកយកកត្តាគួរកត់សម្គាល់មួយចំនួន ដែលដកស្រង់ចេញផ្សាយដោយគេហទំព័រកីឡា BBC បើទោះបីជាពាននេះបានដំណើរការ ៨ប្រកួតទៅហើយកាលពីយប់មិញ។
ក្រុមអង់គ្លេស Manchester City បានកំពុងកាន់កាប់ពាននេះក្នុងដៃ បន្ទាប់ពីពួកគេបានយកឈ្នះគូប្រជែងមកពីអ៉ីតាលី Inter Milan នៃវគ្គផ្តាច់ព្រ័ត្ររដូវកាលមុននៅប្រទេសតួកគី គ្រាដែល Newcastle United សមាជិកលេងនៅ Premier League ដូចគ្នា បានបង្ហាញខ្លួននៅ UCL វិញ ក្រោយពេលអវត្តមានអស់ ២០ឆ្នាំ គ្រាដែល Celtic ជើងឯកលីគកំពូលស្កុតឡេនបានបង្ហាញខ្លួនក្នុងវគ្គចែកពូលជាលើកទី២ ជាប់ៗគ្នាផងដែរ។
មួយវិញទៀត ពានអឺរ៉ុបសម្រាប់រដូវកាលនេះ បានអវត្តមានកីឡាករលេខធ្លោ ២រូបគឺ Cristiano Ronaldo ដែលចេញពី Manchester United នៅលេងឲ្យក្លិបនៅអាស៊ី Al-Nassr ហើយ Lionel Messi ផ្លាស់ចេញពី PSG ទៅលេងនៅទឹកដីអាមេរិក ក្នុងក្លិប Inter Miami FC របស់លោក David Beckham។
ផ្តាច់ព្រ័ត្រ UCL រដូវកាលនេះ នឹងធ្វើនៅកីឡដ្ឋានជាតិ Wembley របស់អង់គ្លេស ស្របពេលក្រុមនៃប្រទេសមួយនេះគឺ Manchester City ត្រូវបានគេធ្វើការព្យាករណ៍ថា មានអត្រាខ្ពស់ក្នុងការឈ្នះពាននេះបន្តទៀតដែរ មានដល់ទៅ ៣៧% បើធៀបទៅនឹង Real Madrid មានត្រឹមតែ ១៣% Bayern Munich ១១% និងបណ្តាក្រុមផ្សេងៗទៀត មានអាទិភាពឈ្នះ ១៩%។ លើសពីនេះទៀត Man City, Real, Bayern និង Barcelona មានឱកាសឆ្លងផុតវគ្គចែកពូលដល់ទៅ ៩០%ឯណោះ។
ចំណុចសំខាន់ចុងក្រោយ គឺពាន UEFA Champions League ចាប់ពីរដូវកាលឆ្នាំ២០២៤-២០២៥ លែងប្រកួត ៣២ក្រុមទៀតហើយ ដោយបង្កើនដល់ទៅ ៣៦ក្រុមវិញ៕