(អាមេរិក)៖ តារាចម្រៀងស្រីល្បីឈ្មោះរបស់អាមេរិក Katy Perry បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង លក់សិទ្ធិចែកចាយបទចម្រៀងរបស់នាងទាំង ៥អាល់ប៊ុម ដែលបានចេញផ្សាយនៅចន្លោះ ឆ្នាំ២០០៨ ដល់២០២០។ ប្រការនេះបានធ្វើឲ្យនាង ចូលរួមក្នុងបញ្ជីកំពូលសិល្បករទាំង១០ ដែលលក់ស្នាដៃបានថ្លៃជាងគេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Forbes នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។

Katy Perry មិនមែនជាសិល្បករដំបូងឡើយ ដែលបានលក់សិទ្ធិលើបទចម្រៀងខ្លួនឯង ដោយកាលពីដើមឆ្នាំកន្លងទៅនេះ តារាចម្រៀង Justin Bieber ក៏បានលក់សិទ្ធិលើបទចម្រៀងរបស់លោកក្នុងតម្លៃ ២០០លានដុល្លារឲ្យក្រុមហ៊ុន Hipgnosis Songs Capital (ហ៊ីបណូស៊ីស សង ខាភីថល)។ នៅពេលនេះ Katy Perry ក៏បានលក់សិទ្ធិលើបទចម្រៀងរបស់នាងឲ្យក្រុមហ៊ុន Litmus Music ក្នុងតម្លៃ ២២៥លានដុល្លារអាមេរិក។

គួរជម្រាបថា Katy Perry ត្រូវបានគេដឹថា គឺជាសិល្បការិនីមានទស្សនវិស័យប្រកបដោយភាពច្នៃប្រឌិត ដែលបានសាងឥទ្ធិពលយ៉ាងធំធេងលើវិស័យតន្ត្រី ទូរទស្សន៍ ភាពយន្ត និងសប្បុរសធម៌។ ខណៈអាល់ប៊ុមចម្រៀងទាំង៥ ដែលនាងលក់ គឺអាល់ប៊ុមរបស់នាងក្នុងផលិតកម្ម Capitol Records រួមមានអាល់ប៊ុម One of the Boys ចេញឆ្នាំ២០០៨, អាល់ប៊ុម Teenage Dream (ធីនណេច ឌ្រីម) ចេញឆ្នាំ២០១០, អាល់ប៊ុម Prism (ព្រីស៊ឹម) ចេញឆ្នាំ២០១៣, អាល់ប៊ុម Witness (វីតណេស) ចេញឆ្នាំ២០១៧ និងអាល់ប៊ុម Smile ចេញឆ្នាំ២០២០៕