(ភ្នំពេញ)៖ លោក Thomas Mclean គ្រូបង្រៀននៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ត្រូវបានការិយាល័យចុះ ឈ្មោះនិស្សិតនៃសាកលវិទ្យាល័យយ៉េល ដែលជាសាកលវិទ្យាល័យដ៏ល្បីល្បាញ កម្រិតពិភពលោក នៅសហរដ្ឋ- អាមេរិកជ្រើសរើស ឲ្យទទួលពានរង្វាន់អ្នកអប់រំឆ្នើមប្រចាំឆ្នាំ២០២៣ របស់សាកលវិទ្យាល័យ ដែលមានឈ្មោះថា The 2023 Yale Educator Award។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់សាកលវិទ្យាល័យយ៉េល លោក Thomas Mclean ត្រូវបាន អតីតសិស្សរបស់លោកនៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ហើយដែលបានជាប់អាហារូបករណ៍ទៅ សិក្សានៅសាកលវិទ្យាល័យយ៉េលក្នុងឆ្នាំនេះ ផ្ដល់ឈ្មោះដល់គណៈកម្មការវាយតម្លៃនៃការិយាល័យចុះឈ្មោះ និស្សិតក្នុងនាមជាបុគ្គលដែលបានគាំទ្រ និងជំរុញលើកទឹកចិត្តសិស្ស ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ទទួល បានលទ្ធផលល្អក្នុងការសិក្សាកម្រិតវិទ្យាល័យ។
លោក Thomas Mclean ត្រូវបានគណៈកម្មាការវាយតម្លៃជ្រើសរើសជាអ្នកទទួលពានរង្វាន់អ្នកអប់រំ ឆ្នើមប្រចាំឆ្នាំ២០២៣ ក្នុងចំណោមលោកគ្រូ អ្នកគ្រូ និងអ្នកប្រឹក្សាយោបល់ចំនួន ៣៨៥ រូប មកពីរដ្ឋចំនួន ៤៣ នៅសហរដ្ឋអាមេរិក និងក្នុងចំណោម ២៨ ប្រទេសផ្សេងទៀតជុំវិញពិភពលោក ដែលមានសិស្សជាប់អាហារូបករណ៍ទៅ សិក្សានៅសាកលវិទ្យាល័យយ៉េល។
នេះជាមោទនភាពថ្មីមួយបន្ថែមទៀតសម្រាប់សហគមន៍សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ទាំងមូល ដែលអតីតសិស្សរបស់យើងបានជាប់អាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យលំដាប់កំពូលមួយនេះ ព្រម ទាំងបាននាំយកនូវកិត្តិយសដ៏ថ្លៃថ្លាជូនលោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលា សិស្សានុសិស្ស និងសហគមន៍ មាតាបិតាសិស្សទាំងមូល។
ទន្ទឹមនឹងមោទនភាព នេះក៏ជាសារជំរុញលើកទឹកចិត្តដល់សិស្សានុសិស្សរបស់យើងឱ្យបន្តខិតខំប្រឹង ប្រែងរៀនសូត្របន្ថែមទៀត ដើម្បីទទួលបាននូវភាពជោគជ័យក្នុងការសិក្សានៅក្នុងកម្រិតមហាវិទ្យាល័យ ព្រោះ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ គឺជាថ្នាលបណ្ដុះបណ្ដាលមួយដែលមានគុណសម្បត្តិដ៏សមស្របក្នុងការ ពង្រឹងសមត្ថភាពសិស្សដើម្បីទទួលបានឱកាសសិក្សាល្អៗក្រោយចប់ថ្នាក់វិទ្យាល័យ៕