(បរទេស)៖ ពេលវេលាប្រកាសចេញស្មាតហ្វូនជំនាន់ចុងក្រោយរបស់ Xiaomi កាន់តែខិតជិតមកដល់ ពេលនេះទទួលបានរបាយការណ៍បញ្ជាក់មកថា Xiaomi 14 ម៉ូដែលធម្មតានឹងទទួលបានការគាំទ្រកម្រិតសាករហូតដល់ 90W ឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។

Xiaomi 14 ទើបតែទទួលបានវិញ្ញាបនប័ត្របញ្ញាក់កម្រិតសាកថ្មពី The Chinese Compulsory Certification (CCC) ប្រទេសចិនដែលអនុញ្ញាតឱ្យស្មាតហ្វូនម៉ូដែលធម្មតាអាចសាកថ្មល្បឿនលឿនរហូតដល់ 90W ឯណោះ ខណៈដែលម៉ូដែលនេះជារៀងរាល់ឆ្នាំទទួលបានត្រឹមតែ 67W ប៉ុណ្ណោះ។ ដោយឡែកចំពោះម៉ូដែល Xiaomi 14 Pro ទំនងជានឹងនៅរក្សាកម្រិតសាកថ្ម 120W ដដែលដូចទៅនឹងម៉ូដែលចាស់ Xiaomi 12 Pro និង Xiaomi 13 Pro ដែលបានចេញផ្សាយកាលពីឆ្នាំមុន។

គួរជម្រាបដែរថា ឆ្នាំសាករបស់ Xiaomi 14 នឹងមានថាមពល 5-20V នៅ 6.1-4A ដែលជាថាមពលអតិបរមា 90W ហើយវានឹងអនុញ្ញាតឱ្យស្មាតហ្វូននេះកាន់តែសាកបានលឿនជាងមុន។ តែយ៉ាងណាជុំវិញព័ត៌មានលម្អិតអំពីការផ្តល់ជូនឆ្នាំងសាកសម្រាប់សាកថ្មប្រភពនៅមិនទាន់អាចបញ្ជាក់បាននៅឡើយនោះទេថា Xiaomi នឹងផ្តល់ជូនក្នុងប្រអប់តែម្តង ឬយ៉ាងណានោះ៕