(បរទេស)៖ សា្មតហ្វូនអេក្រង់បត់កំពុងអង្រួនបេះដូងអ្នកប្រើប្រាស់ស្ទើរតែជុំវិញពិភពលោកជាមួយនឹងជម្រើសមុខងារ និងរូបរាងដែលផ្តល់នូវភាពងាយស្រួលដល់អ្នកប្រើប្រាស់។ គិតត្រឹមប៉ុន្មានឆ្នាំចុងក្រោយនេះមានក្រុមហ៊ុនធំៗជាច្រើនបាននឹងកំពុងផលិតប្រភេទស្មាតហ្វូននេះដែលក្នុងនោះក្រុមហ៊ុនចិន Vivo ទើបតែប្រកាសផលិត ២ម៉ូដែលថ្មីបន្ថែមទៀតដែលត្រូវបានគេរំពឹងថា នឹងផ្តល់ជូនក្នុងតម្លៃសមរម្យជាងគេបំផុតបើធៀបនឹងក្រុមហ៊ុនផ្សេង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣។

យោងតាមការចុះបញ្ជីពាណិជ្ជសញ្ញានៅលើគេហទំព័រ EUIPO (European Union Intellectual Property Office) បានឱ្យបង្ហាញថា ក្រុមហ៊ុន Vivo កំពុងធ្វើការលើស្មាតហ្វូនដែលអាចបត់បានថ្មីចំនួនពីរគឺ S Flip និង V Flip។ ស្មាតហ្វូនទាំងពីរនេះត្រូវបានគេរំពឹងថា ទំនងជាស្មាតហ្វូនដែលអាចបត់បានប្រភេទ clamshell ស្រដៀងទៅនឹង Samsung Galaxy Z Flip និង Motorola Razr ដែលកំពុងដាក់លក់នៅលើទីផ្សារ ។

គួរជម្រាបដែរថា នេះជាប្រភេទស្មាតហ្វូនអេក្រង់បត់ជំនាន់ទី២ របស់ Vivo ដោយកាលពីជំនាន់មុន Vivo ក៏បានផលិតស្មាតហ្វូនអេក្រង់បត់ចំនួនពីរម៉ូដែលផងដែលរួមមាន Vivo X Fold 2 និង X Flip ដែលកំពុងទទួលបានការគាំទ្រជាច្រើននៅលើទីផ្សារស្មាតហ្វូន។ តែយ៉ាងណាសម្រាប់ Vivo S Flip និង V Flip នៅមិនទាន់ច្បាស់នៅឡើយនោះទេថា តើពេលណានឹងត្រូវចេញលក់ ក៏ដូចជាបង្ហាញពីលក្ខណៈសម្បត្តិរបស់វានឹងមានកម្រិតណានោះ៕