(ភ្នំពេញ)៖ នាពេលថ្មីៗកន្លងទៅនេះ ថ្នាក់ដឹកនាំរបស់សាកលវិទ្យាល័យវេស្ទើន បានចូលរួមពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយសាកលវិទ្យាល័យ INTI International University នៅប្រទេសម៉ាឡេស៉ី ដែលនៅក្នុងអនុស្សរណៈយោគយល់គ្នា (MOU) សាកលវិទ្យាល័យទាំងពីរបានព្រមព្រៀម និងផ្ដល់កិច្ចសហប្រតិបត្តិការរួមគ្នាលើការផ្លាស់ប្ដូរនិស្សិត និងកម្មវិធីដំណើរទស្សនកិច្ចសិក្សារវាងសាកលវិទ្យាល័យទាំងពីរ។

លោក តែ ឡូរិន ប្រធានក្រុមប្រឹក្សាភិបាល បានបានថ្លែងថា ការចុះអនុស្សារណ:យោគយល់នេះ ក៏ជាការចូលរួមសហការអភិវឌ្ឍលើកម្មវិធីសិក្សា ការចូលរួមសកម្មភាពបោះពុម្ភ និងស្រាវជ្រាវរួមគ្នាសម្រាប់ថ្នាក់ក្រោយឧត្តមសិក្សា (អនុបណ្ឌិត និងបណ្ឌិត) ការផ្លាស់ប្ដូរសម្ភារសិក្សា និងព័ត៌មានផ្សេងៗទៀតរវាងសាកលវិទ្យាល័យទាំងពីរ លើសពីនេះសាកលវិទ្យាល័យ INTI International University នឹងចូលរួមក្នុងសកម្មភាពសិក្សាមានដូចជា វគ្គសិក្សាជំនាញខ្លីៗ (Short Course) សិក្ខាសាលា វគ្គបណ្ដុះបណ្ដាល (Vocational Training & Training) និងសន្និសីទសម្រាប់និស្សិតរបស់សាកលវិទ្យាល័យវេស្ទើន។

លោកបានបន្តថា ការចុះអនុស្សរណៈនេះ គឺជាការព្រមព្រៀងមួយដ៏ល្អ និងរឹងមាំយូរអង្វែងលើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យអប់រំសម្រាប់ប្រទេសទាំងពីរ។ ជាមួយគ្នានេះ ការអប់រំប្រកបដោយគុណភាពខ្ពស់ អាចរកបានសម្រាប់យុវជនរបស់យើង រួមទាំងតាមរយៈកិច្ចសហប្រតិបត្តិការរវាងអ្នកអប់រំ និងអ្នកស្រាវជ្រាវ និងនិស្សិតរបស់យើងតាមរយៈការចុះអនុស្សរណៈយោគយល់គ្នានេះ។ បន្ថែមពីនេះទៀត ការអប់រំនឹងជួយបណ្តុះបណ្តាលយុវជនរបស់យើង។

លោកបន្ថែមថា ការផ្លាស់ប្តូរការអប់រំ Student Exchange Program គឺជាទម្រង់ដ៏មានឥទ្ធិពលនៃការលើកកម្ពស់សន្តិភាព។ យើងដឹងថា នៅពេលដែលយើងជួបប្រទះនូវវប្បធម៌ផ្សេងគ្នា យើងទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីខ្លួនយើង និងអ្នកដែលនៅជុំវិញយើង ដោយធ្វើឱ្យចំណេះដឹងរបស់យើងកាន់តែស៊ីជម្រៅអំពីពិភពលោកតាមរបៀបដែលសៀវភៅ កិច្ចការសាលា និងអាជីពវិជ្ជាជីវៈមិនអាចបង្ហាញឱ្យឃើញបាន៕