(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅល្ងាចថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញបិទការប្រកួតកីឡាប៊ូល ដើម្បីជ្រើសរើសជើងឯកពានរង្វាន់ «ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម» ដែលការប្រកួតនេះ ធ្វើឡើងអស់រយៈពេល២ថ្ងៃ នៅបរិវេណការិយាល័យអប់រំយុវជន និងកីឡាខេត្តកំពង់ចាម ក្រុងកំពង់ចាម ។
លោក ចាប សុផល ជាគណៈកម្មការរៀបចំការប្រកួតបានឲ្យដឹងថា ការប្រកួតកីឡាប៊ូល និងប៉េតង់ ដើម្បីជ្រើសរើសជើងឯកពានរង្វាន់ «ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម» ក្រោយពេល បើកការប្រកួតអស់រយៈពេល២ថ្ងៃឃើញថា ជ័យលាភី លេខ១ បានទៅលើ មន្ទីររ៉ែ និងថាមពលខេត្តកំពង់ធំ, លេខ២ បានទៅលើ ក្លឹបខេត្តកំពង់ចាម ៣, និងលេខ៣ បានទៅលើ ក្លឹបខេត្តកំពត។ លោក បានបញ្ជាក់ថា ការប្រកួតនេះ វិញ្ញាសារ ៣នាក់ ទល់៣នាក់ មានការចូលរួមពីកីឡាករ សរុបចំនួន ៤០ក្រុម មកពីបណ្ដាខេត្តចំនួន១៣ នៃព្រះរាជាណាចក្រកម្ពុជា។
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បាទមានប្រសាសន៍កោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្ព័ន្ធប៊ូល និងប៉េតង់នៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត កំពង់ចាម ក្នុងការរៀបចំការប្រកួតនេះឡើង ដែលបង្ហាញឱ្យឃើញពីការខិតខំធ្វើ និងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យវិស័យមួយនេះ កាន់តែមានការអភិវឌ្ឍយ៉ាងឆាប់រហ័សមួយកម្រិតថែមទៀត ក៏ដូចជាជំរុញ និងលើកទឹកចិត្តដល់ប្រជាជន ឲ្យចូលរួមលេងកីឡា យ៉ាងហោចណាស់ ប្រជាជនម្នាក់លេងកីឡាមួយប្រភេទ ដើម្បីទទួលបានសុខភាពល្អ និងសុខមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងស្គាល់ពីគុណតម្លៃនៃកីឡា៕