(ប៉ារីស)៖ ក្រុមការពារតំណែងជើងឯក Paris Saint Germain យកបាន ៣ពិន្ទុដោយស្រួលពីគូប្រជែង Marseille តាមរយៈលទ្ធផល ៤ទល់នឹង០ ក្នុងក្របខណ្ឌ Ligue 1 គ្រាដែលខ្សែប្រយុទ្ធសំខាន់ Kylian Mbappe បានរងរបួសកជើងផងដែរ។
យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នាថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នេះបានឲ្យដឹងថា ប្រធានក្រុមជម្រើសជាតិបារាំងខាងលើនេះត្រូវបានប្តូរចេញ ដោយត្រូវបានគេសង្ស័យថា មានបញ្ហារបួសកជើង (ankle injury) និងអាចជាមន្ទិលសង្ស័យផងដែរ ក្នុងប្រកួតដែល PSG ត្រូវជួបម្ចាស់ផ្ទះ Newcastle United នាថ្ងៃទី០៤ ខែតុលា ក្នុងពាន UEFA Champions League។
ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Parc des Princes កីឡាករ Achraf Hakimi និង Randal Kolo រួមចំណែករកបានម្នាក់ ១គ្រាប់ដូចគ្នា ដ្បិត Goncalo Ramos រកបាន ២គ្រាប់ម្នាក់ឯង ក្នុងនាមកីឡាករចូលលេងជំនួស Mbappe ដើម្បីជួយក្រុមរបស់លោក Luis Enrique ឡើងទៅនៅលេខ៣ ក្នុង Ligue 1 ជាបណ្តោះអាសន្នវិញ ដាច់ ២ពិន្ទុពីក្រុម Brest ដែលកំពុងឈរកំពូលតារាងនោះ។
ចំណែកឯក្រុមភ្ញៀវ Marseille ដែលគ្រូបង្គោល លោក Marcelino បានលាឈប់កាលពីសប្តាហ៍មុន អាចមានឱកាសតាមស្មើតាំងពីលទ្ធផល ១-០ ប៉ុន្តែកីឡាករ Vitinha តែតទៅប៉ះរបារទីទៅវិញ ដែលធ្វើឲ្យពួកគេស្គាល់រសជាតិលើកដំបូងផងដែរនៅ Ligue 1 រដូវកាលនេះ និងធ្លាក់ទៅឈរលេខ៧ និងចាញ់ប្រៀប PSG ២ពិន្ទុវិញទៀតផង៕