(បរទេស)៖ តារាប៉ុប Taylor Swift កាន់តែធ្វើឲ្យពាក្យចចាមអារ៉ាមស្នេហារបស់នាង ជាមួយនឹងកីឡាករបាល់ទាត់អាមេរិក Travis Kelce ក្លាយជាការពិតបន្តិចម្តងៗហើយ បន្ទាប់ពីមហាជនឃើញវត្តមានរបស់នាង ទៅចូលរួមគាំទ្រតារា NFL រូបនេះ ពេលកំពុងប្រកួតម្ចាស់ជើងឯក Super Bowl កាលពីថ្ងៃអាទិត្យកន្លងទៅ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។

តារាចម្រៀង Taylor Swift ត្រូវបានគេមើលឃើញថា អង្គុយជាមួយក្រុមគ្រួសាររបស់កីឡាករ Travis Kelce ហើយតារាចម្រៀងដែលឈ្នះពានរង្វាន់ Grammy ចំនួន១២សម័យកាលរូបនេះ ត្រូវបានថតដោយពាក់អាវ Chiefs ពណ៌ក្រហម និងស ហើយអបអរសាទរជាមួយម្តាយលោក Travis Kelce ឈ្មោះ Donna Kelce ដែលទទួលបានការចាប់អារម្មណ៍ទូទាំងប្រទេស នៅពេលដែលកូនប្រុសទាំងពីរបង្ហាញវត្តមានក្នុងកម្មវិធី Super Bowl រដូវកាលមុន។

គួរជម្រាបថា តារាចម្រៀង Taylor Swift ត្រូវបានគេដឹងថា ជាតារាម្នាក់ដែលមានប្រវត្តិមានមិត្តប្រុសច្រើនបំផុត ហើយក៏ជាតារាដែលជោគជ័យខ្លាំង លើការងារសិល្បៈផងដែរ ត្បិតការប្រគំតន្ត្រីទេសចរណ៍ពិភពលោករបស់នាង រកចំណូលបានខ្ទង់១ពាន់លានដុល្លារអាមេរិក។ តែយ៉ាងណា ជុំវិញពាក្យចចាមអារ៉ាមស្នេហាលើកនេះ គេមិនទាន់ដឹងច្បាស់នៅឡើយទេថា ជាការពិតឬយ៉ាងណា?