(ម៉ូនិច)៖ ខ្សែប្រយុទ្ធថ្មី Harry Kane ធ្វើបានហែតទ្រីក (៣គ្រាប់) ជាលើកដំបូងរបស់ខ្លួន ក្រោយខកខានតាំងពីឆ្នាំ២០១៧ មក ក្នុងប្រកួតដែលម្ចាស់ផ្ទះ Bayern Munich បំបាក់គូប្រជែង VfL Bochum 1848 ដោយលទ្ធផល ៧ទល់នឹង០ ក្នុងលីគ Bundesliga នាយប់មិញនេះ។
តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នាថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នេះបានឲ្យដឹងថា Kane ធ្វើបាន ៣គ្រាប់ម្នាក់ឯងនេះ ក៏ជាលើកដំបូងក្នុងក្លិបថ្មី Bayern Munich ផងដែរ និងខកខាន ៦ឆ្នាំមកហើយ គិតចាប់តាំងពីរូបគេធ្វើបានហែតទ្រីកនេះ ក្នុងក្លិបចាស់នៅអង់គ្លេស Tottenham Hotspur ពេលលេងទល់នឹង Burnley និង Southampton។
៣គ្រាប់បន្ថែមនេះដែរ បានធ្វើឲ្យប្រធានក្រុមតោកំណាចអង់គ្លេសកើនគ្រាប់ស៊ុតបាន ៧គ្រាប់ ក្នុងចំណោម ៥ប្រកួតបើកឆាកនៅ Bundesliga របស់អាល្លឹម៉ង់សម្រាប់រដូវកាលឆ្នាំ២០២៣-២០២៤ ហើយក៏ជាកីឡាករសំខាន់ ក្នុងការជួយក្រុមខ្លារខិន Bayern Munich យកបាន ៣ពិន្ទុផងដែរ ពីមួយប្រកួតបើកឆាក UEFA Champions League ដែលពួកគេបានយកឈ្នះគូប្រជែងមកពីអង់គ្លេស Manchester United។
ក្រៅពីស៊ុតខ្លួនឯង ៣គ្រាប់នេះ ខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំខាងលើ ក៏បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមដូចជា Leroy Sane និង Mathys Tel បញ្ចប់ទីបានល្អទៀតផង។
នេះមានន័យថា ក្រុមដែលដឹកនាំដោយលោក Thomas Tuchel រកបានជ័យជម្នះ ៤លើក និងស្មើ ១លើក ក្នុងចំណោម ៥ប្រកួតក្នុងលីគ និងកំពុងកាន់កាប់តំណែងកំពូលតារាងផងដែរ ជាមួយ ១៣ពិន្ទុ នៅពេល Bochum បានបរាជ័យក្នុងលីគលើកដំបូង នៅពេលប៉ះក្រុមការពារតំណែងជើង Bayern Munich មួយនេះ៕