(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា ប្រធានគោលនយោបាយប្រព័ន្ធផ្សព្វផ្សាយសង្គម X ប្រចាំនៅឥណ្ឌា និងអាស៊ីខាងត្បូងលោក Samiran Gupta បានប្រកាសលាលែងពីតំណែង ស្របពេលដែលបណ្តាញផ្សព្វផ្សាយសង្គមនេះកំពុងមានបញ្ហាប្តឹងផ្តល់គ្នាជាមួយរដ្ឋាភិបាលឥណ្ឌា ជុំវិញការដកខ្លឹមសារព័ត៌មាន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។
លោក Gupta ត្រូវបានគេស្គាល់ថាបុគ្គលិកជាន់ខ្ពស់មួយរូបរបស់ X ប្រចាំនៅឥណ្ឌា និងទទួលខុសត្រូវលើបញ្ហាគោលបាយទាក់ទងនឹងខ្លឹមសារសំខាន់ៗនៅលើភ្លេតហ្វម ហើយលោកបានចូលកាន់តំណែងនេះនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដែលមានរយៈពេល ៨ខែមុន Elon Musk ទិញយក X បានសម្រេចក្នុងតម្លៃ ៤៤ពាន់លានដុល្លារដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter។
ជុំវិញការលាលែងពីតំណែងរបស់ Gupta ត្រូវបានប្រភពអះអាងថាវាជាការវាយប្រហារដ៏ខ្លាំងមួយចំពោះ X ព្រោះវាកើតឡើងនៅពេលដែលក្រុមហ៊ុនកំពុងប្រឈមនឹងការត្រួតពិនិត្យកាន់តែខ្លាំងឡើងពីរដ្ឋាភិបាលឥណ្ឌា។ បណ្តាញផ្សព្វផ្សាយសង្គម X កំពុងប្រឈមមុខជាខ្លំាងទៅនឹងការដាក់កម្រិតនៅក្នុងប្រទេសឥណ្ឌាជុំវិញការមិនព្រមលុបមាតិកាខុសច្បាប់ចេញពីភ្លេតហ្វមរបស់ខ្លួន ខណៈរដ្ឋាភិបាលបានធ្វើការព្រមានជាបន្តបន្ទាប់ថានឹងចាត់វិធានការប្រឆាំង ប្រសិនបើមិនព្រមគោរពតាមច្បាប់ថ្មីរបស់ឥណ្ឌា។
គួរជម្រាបដែរថា ការលាលែងពីតំណែងរបស់ Gupta មិនត្រូវបានគូសបញ្ជាក់ពីមូលហេតុនោះទេ ប៉ុន្តែបញ្ហានេះត្រូវបានប្រភពចេញផ្សាយលើកឡើងថា វាអាចបណ្តាលមកពីការខកចិត្តរបស់លោកចំពោះការដោះសា្រយរបស់ក្រុមហ៊ុនចំពោះស្ថានភាពនៅក្នុងប្រទេសឥណ្ឌាក្រោមការដឹកនាំរបស់ Elon Musk៕