(ភ្នំពេញ)៖ ការបរាជ័យ ៣ប្រកួតជាប់គ្នារបស់ក្រុមវិសាខា បានធ្វើឲ្យអ្នកគាំទ្ររបស់ពួកគេ សម្ដែងការមិនពេញចិត្ដជាខ្លាំង រហូតមានអ្នកខ្លះ បញ្ចេញមតិស្នើឲ្យក្លិបផ្លាស់ប្ដូរគ្រូបង្វឹកទៀតផង។ ដែលបច្ចុប្បន្នក្រុមសម្បូរដោយធនធានកីឡាករជម្រើសជាតិមួយនេះ ាដឹកនាំដោយគ្រូបង្វឹកជនជាតិស្កុតឡែន លោក Simon Mcmenemy ។

គួរដឹងថា ៣ប្រកួតចុងក្រោយ នៃលីគកំពូលកម្ពុជា ដែលវិសាខា រងបរាជ័យជាបន្ដបន្ទាប់ រហូតធ្វើឲ្យកៅអីគ្រូបង្វឹកឡើងកម្ដៅនេះ រួមមានសប្ដាហ៍ទី៤ ចាញ់ក្រុមម្ចាស់ផ្ទះបឹងកេត ៤-៣ មុនរងបរាជ័យក្នុងដី ១-០ ដូចគ្នា ក្រោមថ្វីជើងក្រុមភ្ញៀវភ្នំពេញក្រោន ក្នុងសប្ដាហ៍ទី៥ និងក្រុមព្រះខ័នរាជស្វាយរៀង ក្នុងសប្ដាហ៍ទី៦ កាលពីយប់មិញ ។

លទ្ធផលនេះ បានធ្វើឲ្យអ្នកគាំទ្រក្រុមជើងឯករងឆ្នាំចាស់នេះ មានប្រតិកម្មជាហូរហែ លើបណ្ដាញសង្គម ដោយមានអ្នកខ្លះលើកថា ទម្រង់លេងវិសាខា ហាក់ធ្លាក់ចុះ បើធៀបនឹងរដូវកាលមុន ហើយមានអ្នកខ្លះ បានដាក់បន្ទុកលើកីឡាករលេងមិនបានល្អ តែមានអ្នកគាំទ្រមួយចំនួនតូច បានស្នើឲ្យក្លិបពិចារណាផ្លាស់ប្ដូរគ្រូបង្វឹកចេញទៀតផង ។

គួរដឹងថា ការបរាជ័យផ្ទួនៗខាងលើ បានធ្វើឲ្យវិសាខា ធ្លាក់មកឈរលេខ៦ ដោយរក្សា ៩ពិន្ទុក្នុងដៃ ដែលពួកគេរកបានពីជ័យជម្នះ ៣ប្រកួតដំបូង ដោយចាញ់ប្រៀបពិន្ទុក្រុមព្រះខ័នរាជស្វាយរៀង ពាក់កណ្ដាល បន្ទាប់ពីក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះ រកបាន ១៨ពិន្ទុពេញពីជ័យជម្នះ ៦ប្រកួតជាប់ៗគ្នា ក្នុងលីគរដូវកាលថ្មី ឆ្នាំ២០២៣/២០២៤ នេះ ៕