(កំពត)៖ ព្រះចៅអធិការ ព្រះសង្ឃ និង ពុទ្ធបរិស័ទជាង ៦០០០អង្គ/នាក់ បាននិមន្តនិងអញ្ជើញមកពី ២៥ខេត្តនិងរាជធានី ចូលរួមពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីឡើងទៅលើកំពូលភ្នំបូកគោ ដើម្បីប្រមូលបច្ច័យចូលរួមកសាងព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ ដែលសាងសង់នៅលើខ្នងភ្នំបូកគោ។

ពិធីបុណ្យផ្កាមហាសាមគ្គីដ៏ធំនេះ បានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី២៣ ដល់២៤ ខែ កញ្ញា ឆ្នាំ ២០២៣ ដោយមានការផ្តួចផ្តើមពី ព្រះវិមលសរណញាណចាន់វិសាល ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា និង ជាឧត្តមប្រឹក្សាផ្ទាល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះអគ្គមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជានិងជាព្រះចៅអធិការ វត្តពារាណសីសិរីមង្គល សិរីមង្គល ខេត្តព្រៃវែង បានសហការជ្រះថ្លាប្រកបដោយសទ្ធា និងបញ្ញាជាមួយ អ្នកឧកញ៉ាបណ្ឌិត សុខ គង់។

ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីនេះ ត្រូវបានប្រារព្ធធ្វើឡើង ក្នុងគោលបំណងប្រមូលបច្ច័យចូលរួម កសាងព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ នៅលើខ្នងភ្នំបូកគោ។ នៅក្នុងឱកាសនេះដែរ ពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លា អាចចូលជាបច្ច័យកសាងព្រះពុទ្ធប្បដិមាអង្គធំ ឬក៏ជាវព្រះពុទ្ធប្បដិមាអង្គតូចសម្រាប់តម្កល់នៅលើជញ្ជាំងផ្នែកខាងក្នុងនៃខឿនក្រោមបល្លង្កព្រះពុទ្ធប្បដិមាអង្គធំ កម្ពស់ ១០៨ ម៉ែត្រ ដែលការជាវព្រះប្បដិមាអង្គតូចៗទៀតសោត នឹងមានចារឹកឈ្មោះពុទ្ធបរិស័ទផ្ទាល់, ឈ្មោះអ្នកមានគុណ, លោកយាយលោកតា, បងប្អូនកូន ក្មួយ គ្រួអាចារ្យ ឬអ្នកមានគុណ ដើម្បីជូនបុណ្យកុសល ឧទ្ទិសផលបុណ្យជូន និងដើម្បីទុកជាកេរ្តិ៍ដំណែលជាប្រវត្តិសាស្រ្តយូរអង្វែងតរៀងទៅ។

ព្រះពុទ្ធប្បដិមាអង្គតូចៗ សម្រាប់តម្កល់នៅលើជញ្ជាំងផ្នែកខាងក្នុងនៃខឿនក្រោមបល្លង្កព្រះពុទ្ធប្បដិមាអង្គធំ កម្ពស់ ១០៨ ម៉ែត្រមានទំហំ កម្ពស់០.៣១ម៉ែត្រ, បណ្តោយ ០.២៥ម៉ែត្រ និង ទទឹង ០.១៦៥ម៉ែត្រ មាន៤ថ្នាក់៩ជាន់ ។

អ្នកឧកញ៉ាបណ្ឌិត សុខ គង់ មានចក្ខុវិស័យ និងសទ្ធាជ្រះថ្លាយ៉ាងមុតមាំ ក្នុងការកសាងព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រ ដែលជាព្រះពុទ្ធប្បដិមាដ៏ធំហើយខ្ពស់ជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងស្ថិតក្នុងចំណោមព្រះពុទ្ធប្បដិមាខ្ពស់ៗនៅលើពិភពលោក ហើយគម្រោងសាងសង់ព្រះពុទ្ធប្បដិមានេះដែរ ជាការរក្សានូវអត្តសញ្ញាណជាតិនៃវប្បធម៌សាសនា ដោយឈរលើមូលដ្ឋារក្សាចាស់ បង្កើតថ្មី នាសម័យតេជោសន្តិភាព និងការអភិវឌ្ឍ។ ព្រះពុទ្ធប្បដិមាអង្គនេះ នឹងគង់នៅជាសម្បត្តិវប្បធម៌ជាតិ តជំនាន់សម្រាប់ជាទីសក្ការ:ដ៏ឧត្តុងឧត្តមរបស់ពុទ្ធសាសនិកជនទាំងអស់គ្នា និងទុកជាស្នាដៃនៃកេរ្តិ៍មរកតដល់កូនចៅជំនាន់ក្រោយ។

ពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លា ប្រាថ្នាចូលបច្ច័យភ្ជាប់និស្ស័យ ក្នុងការកសាងព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រលើភ្នំបូកគោ សូមធ្វើការទំនាក់ទំនងទូរសព្ទ៖ 031 7777 108 | 014 777 108 | 015 777 108 ៕

* ទូរសព្ទទទួលបច័្ចយ៖ 085 430 999 | 097 430 9999
* គណនីទទួលបច័្ចយ៖ ABA : 106 108 108 (KHR) | 107 108 108 (USD)
* WING : 9 108 108 108 (KHR) | 8 108 108 108 (USD)
NAME : PHEAR PUTH PADIMA 108M