(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងសាលប្រជុំ សាលាខេត្តបន្ទាយមានជ័យ បានធ្វើពិធីប្រគល់វិញ្ញាបនបត្រ បញ្ចប់ថ្នាក់មត្តេយ្យសិក្សា បឋមសិក្សា មធ្យមសិក្សា បឋមភូមិ មធ្យមសិក្សាទុតិយភូមិ និងពិធីប្រគល់បណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តដល់សិស្សពូកែប្រចាំឆ្នាំសិក្សា ២០២២-២០២៣ នៃសាលាឌូវី។

ពិធីនេះ មានការចូលរួម លោក លី សុវណ្ណរិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ លោកឧត្ដមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគ៥ ទិសទី១ ប្រចាំខេត្តបន្ទាយមានជ័យ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ តំណាងស្ថាប័ន មន្ទីរ ក្រុមហ៊ុន អង្គការ នាយក នាយិកា អនុវិទ្យាល័យ និងវិទ្យាល័យនានា ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាចំណេះទូទៅអន្តរជាតិ ឌូវី ប្រហែល១,០០០នាក់។

លោក ខែម រស្មី ស្ថាបនិក និងអគ្គនាយក នៃក្រុមហ៊ុន ឌូវី អ៊ិនធើណេសិនណល បានថ្លែងថា ថ្ងៃនេះសាលាចំណេះទូទៅអន្តរជាតិ ឌូវី សាខាខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរិសោភ័ណ ខេត្តបន្ទាយមានជ័យ បានធ្វើពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ថ្នាក់មត្តេយ្យសិក្សា បឋមសិក្សា មធ្យមសិក្សាបឋមភូមិ មធ្យមសិក្សាទុតិយភូមិ ប័ណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តសិស្សពូកែ ប្រចាំឆ្នាំសិក្សា ២០២២-២០២៣។

លោក ខែម រស្មី បានបញ្ជាក់ឲ្យដឹងបន្តទៀតថា សាលាចំណេះទូទៅអន្តរជាតិ ឌូវី សាខាខេត្តបន្ទាយមានជ័យ ប្រកាសលេខ ៤០៩ អយក.ប្រក ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ស្ដីពីការទទួលស្គាល់សាលា ចំណេះទូទៅអន្តរជាតិ ឌូវី សាខាខេត្តបន្ទាយមានជ័យ របស់ក្រសួងអប់រំ យុវជន និងកីឡា សព្វថ្ងៃនេះសាលាទទួលសិស្សកំពុងសិស្សាជាង១,០០០នាក់ កម្មវិធីសិក្សាមានរៀន ចំណេះទូទៅខ្មែរ ថ្នាក់មត្តេយ្យចូលបឋមសិក្សា ផ្នែកបឋមសិក្សា ថ្នាក់ទី៦ ឡើងទី៧ ផ្នែកមធ្យមសិក្សាបឋមភូមិ ថ្នាក់ទី៩ ឡើងទី១០ ផ្នែកមធ្យមសិក្សាទុតិយភូមិ បញ្ចប់ថ្នាក់ទី១២ កម្មវិធីចំណេះទូទៅអាមេរិកាំង ថ្នាក់ត្រៀម ឡើងថ្នាក់ទី១ ផ្នែកបឋមសិក្សា ថ្នាក់ទី៦ ឡើងទី៧ សិក្សាអប់រំមាន ១/ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ២/ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ៣/ ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន៤/ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង ៥/ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌, សមធម៌ និងបរិយាបន្ន។

ក្នុងនោះ លោក លី សុវណ្ណរិទ្ធ បានថ្លែងថា លោកចូលរួមពិធីនេះគឺដើម្បីលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សដែលបានបញ្ចប់សិក្សារបស់ខ្លួននីមួយៗដោយជោគជ័យ និងក្មួយៗដែលជាសិស្សពូកែប្រចាំឆ្នាំសិក្សា ២០២២-២០២៣ ទាំងកម្មវិធីចំណេះទូទៅខ្មែរ ដែលជាកម្មវិធីសិក្សាជាតិ និងកម្មវិធីចំណេះទូទៅអាមេរិកាំង ជាកម្មវិធីសិក្សាអន្តរជាតិ និងជាកម្មវិធីសិក្សាចំណេះទូទៅពេញលេញ។

លោកពិតជាមានសេចក្ដីសោមនស្សរីករាយក្រៃលែង ពេលដែលសិស្សានុសិស្សទទួលបានជោគជ័យលោកបានធ្វើការកោត សរសើរដល់ លោកគ្រូ អ្នកគ្រូ ដែលតែងតែខិតខំប្រឹងប្រែងប្រើគ្រប់យុទ្ធវិធី ក្នុងការបង្ហាត់បង្រៀនដល់សិស្សានុសិស្ស និងលោក លោកស្រី ជាមាតាបិតា អ្នកអាណាព្យាបាលសិស្ស ដែលតែងតែយកចិត្តទុកដាក់លើការសិក្សារៀនសូត្ររបស់កូនៗ និងជំរុញពួកគេ នេះជាការរួមចំណែកមួយយ៉ាងសំខាន់ក្នុងការសិក្សារបស់កូនៗ។

លោកក៏បានកោតសរសើររបស់ក្មួយៗ ដែលតែងតែយកចិត្តទុកដាក់ក្នុងការខិតខំសិក្សារៀនសូត្ររហូតទទួលបានលទ្ធផលជាទីគាប់ប្រសើរផងដែរ៕