(ក្រុងឡុងដ៍)៖ ខ្សែបម្រើ Declan Rice មានបញ្ហារបួសខ្នងតិចតួច នៅអំឡុងប្រកួតដែលកាំភ្លើងធំ Arsenal បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២ ទល់នឹង Tottenham Hotspur ក្នុងលីគកាលពីរាត្រីថ្ងៃអាទិត្យសប្តាហ៍មុន។
តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នាថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នេះថា កីឡាករអន្តរជាតិអង់គ្លេសខាងលើនេះ មានបញ្ហារបួសខ្នងតិចតួចប៉ុណ្ណោះ ក្រោយពីការពិនិត្យ ដែលវាមិនរំខានដល់ការប្រកួតច្រើននោះទេ ដ្បិតកីឡាករវ័យ ២៤ឆ្នាំ Rice ត្រូវបានដាក់ឲ្យចូលលេងក្នុងតង់ទី២ ក៏ដោយ។
Rice បានចូលលេងទាំង ៦ប្រកួតក្នុង Premier League ដោយស៊ុតបញ្ចូលទីបាន ១គ្រាប់ផងដែរ ក្រោយផ្ទេរចេញពីក្លិបរួមលីគ ញញួរធំ West Ham United ក្រោមតម្លៃខ្លួន ១០០លានផោននារដូវក្តៅនេះ ដែលត្រូវបានគេគិតថា នឹងមិនស្ថិតក្នុងក្រុម Arsenal ពេលប៉ះ Brentford នារាត្រីថ្ងៃពុធ ទី២៧ ខែកញ្ញា ក្នុងពាន Carabao Cup នោះទេ ក៏ប៉ុន្តែអាចនឹងមានឈ្មោះក្នុងលីគ ពេលកាំភ្លើងធំជួប AFC Bournemouth នៅរាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។
បច្ចុប្បន្ន អតីតក្រុមរងជើងឯក Premier League រដូវកាលមុន បានកំពុងឈរនៅលេខរៀងទី៥ ក្នុងលីគបណ្តោះអាសន្ន ដាច់ ៤ពិន្ទុពីក្រុមកំពូលតារាង មេឃខៀវ Manchester City៕