(ភ្នំពេញ)៖ លោក វ៉ា ស៊ិនភីរម្យ ប្រធានស្តីទីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានជំរុញ និងសំណូមពរឲ្យសិក្ខាកាមជាមន្ដ្រីបច្ចេកទេសយកចិត្តទុកដាក់រៀនសូត្រ ខណៈអ្នកអវត្តមាន ឬមករៀនមិនទៀងទាត់ ដាច់ខាតមិនត្រូវចេញវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនឡើយ ។

ការគូសបញ្ជាក់ខាងលើនេះ បានឲ្យដឹងបន្ទាប់ពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានរៀបចំវគ្គបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេសគ្រប់គ្រងការប្រកួតកីឡាប្រដាល់គុនខ្មែរ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។ ហើយវគ្គបណ្ដុះបណ្ដាលនេះ មានសិក្ខាកាមចូលរួមសរុប ៣៥នាក់ ក្នុងនោះក៏មានសិក្ខាកាមជាស្ដ្រីផងដែរ ។

ប្រធានសហព័ន្ធស្ដីទីដដែលបន្ដថា វគ្គបណ្ដុះបណ្ដាលនេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់ធនធានមន្ដ្រីបច្ចេកទេសបន្ដវេន ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ពង្រឹងគុណភាព សមត្ថភាពមន្ត្រីបច្ចេកទេសគ្រប់គ្រងការប្រកួត ឲ្យស្របតាមនិយាមបច្ចេកទេសត្រឹមត្រូវតាមបទដ្ឋានជាតិ និងអន្តរជាតិ ដើម្បីធានាបាននូវគុណភាព នៃការអភិវឌ្ឍប្រដាល់គុនខ្មែរ ។

ដោយហេតុនេះ លោកបានសំណូមពរដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រជាមួយគ្រូឧទ្ទេសជំនាញ ពិសេសហាមអវត្តមានជាដាច់ខាត កំឡុងការសិក្សារយៈពេល ៥ថ្ងៃ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការបង្រៀន និងទទួលចំណេះដឹង ។ ចំពោះសិក្ខាកាមណា អវត្តមាន ឬមករៀនមិនទៀងទាត់ ឯកឧត្តមលើកទឹកចិត្តឲ្យគណៈគ្រប់គ្រងវគ្គ មិនរៀបចំវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនឡើយ ៕