(អេមស្ទឺដេម)៖ ការប្រកួតដែលបានបោះបង់ចោល រវាងក្លិបហូឡង់ Ajax និង Feyenoord នឹងត្រូវរៀបចំប្រកួតឡើងវិញនៅពីក្រោយការបិទទ្វារ ដែលមិនអនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនានោះទេ នាថ្ងៃពុធសប្តាហ៍នេះ។ នេះបើតាមការអះអាងពីសមាគមបាល់ទាត់ហូឡង់ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។

ក្លិប Feyenoord បាននាំមុខ ៣-០ លើក្លិប Ajax បន្ទាប់ពីការប្រកួតបាន ៥៦នាទី នៅឯកីឡដ្ឋាន Johan Cruyff Arena របស់ក្លិប Ajax នៅពេលដែលការប្រកួតត្រូវបានស្នើឲ្យបញ្ឈប់ ដោយសារក្រុមអ្នកគាំទ្រក្លិបម្ចាស់ផ្ទះបានគប់ភ្លើង និងកាំជ្រួច ចូលទៅកាន់ទីលានប្រកួត។

ខណៈដែលសមាគមបាល់ទាត់ហូឡង់ បានសម្រេចថាការប្រកួតនេះ នឹងបន្តធ្វើឡើងវិញ នៅវេលាម៉ោង១៤:០០នាទី (ម៉ោងក្នុងតំបន់) ដោយគ្មានអ្នកគាំទ្រ ក្នុងការប្រកួតលីគ Eredivisie នៃសប្តាហ៍ទី៦ នារដូវកាលនេះ ដែលជាបណ្តោះអាសន្នក្លិបការពារតំណែងជើងឯក Feyenoord Rotterdam ឈរនៅលេខរៀងទី៤ រកបាន ១១ពិន្ទុ ហើយក្រុម Ajax ឈរលេខ១៤ ទើបមានតែ ៥ពិន្ទុប៉ុណ្ណោះ។

សូមជម្រាបថា សម្រាប់ការប្រកួតនៅសប្តាហ៍ទី៧ របស់ក្លិប Ajax ត្រូវប៉ះក្លិប FC Volendam ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃពុធនោះ ដែលជាប្រកួតបង្គ្រប់សប្តាហ៍ទី៣ ត្រូវបានពន្យារពេល៕