(អេមស្ទឺដេម)៖ ក្លិបហូឡង់ Ajax បានប្រកាសនៅថ្ងៃអាទិត្យ នូវការបញ្ចប់ភ្លាមៗ នៃការសហការរបស់ពួកគេ ជាមួយនឹងនាយកផ្នែកបច្ចេកទេស លោក Sven Mislintat បន្ទាប់ពីកាន់តួនាទីបានត្រឹម ៤ខែ។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។
ក្លិបហូឡង់ Ajax ដែលមានមូលដ្ឋាននៅទីក្រុង Amsterdam បានអះអាងថា ការខ្វះខាតការគាំទ្រយ៉ាងទូលំទូលាយ គឺជាមូលហេតុ សម្រាប់ការសម្រេចចិត្តនេះ។
បើតាមសម្តីនាយកប្រតិបត្តិបណ្តោះអាសន្ន លោក Jan van Halst បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា «ការប៉នប៉ង់ជាច្រើនលើក ដើម្បីស្តារការគាំទ្រយ៉ាងទូលំទូលាយឡើងវិញ មិនអាចសម្រេចតាមលទ្ធផលដែលចង់បាន ដែលនេះនាំឲ្យមានភាពចលាចល ទាំងនៅក្នុង និងជុំវិញក្លិប ក៏ដោយសារតែលទ្ធផលដ៏គួរឲ្យខកចិត្តផងដែរ»។
លោក Mislintat មានវ័យ ៥១ឆ្នាំ បានចូលរួមជាមួយក្លិប Ajax កាលពីថ្ងៃទី១៩ ខែឧសភាកន្លងទៅ ក្នុងតួនាទីដើម្បីកសាងក្រុមថ្មី និងតែងតាំងគ្រូបង្វឹកថ្មី ខណៈកីឡាករសំខាន់ៗ ដូចជា៖ Mohammed Kudus, Jurrien Timber, Edson Alvarez, និងកីឡាករ Dusan Tadic បានចាកចេញ, លោក Mislintat បាននាំយកកីឡាករថ្មីជាច្រើនរូបចូលមកកាន់ក្លិប ដែលមានការចំណាយថវិកាប្រមាណ ១១០លានអឺរ៉ូ។
ការខិតខំប្រឹងប្រែងរបស់លោក Mislintat ហាក់ដូចជាមិនមានប្រយោជន៍នោះទេ ដែលបច្ចុប្បន្នក្លិប Ajax បានកំពុងស្ថិតនៅក្បែរបាតតារាងនៃលីគហូឡង់ Eredivisie រដូវកាលនេះ។
សូមជម្រាបថា ដោយគ្មានវត្តមានលោក Mislintat នៅកីឡដ្ឋាន Johan Cruijff Arena កាលពីថ្ងៃអាទិត្យ, ក្លិប Ajax ដែលដឹកនាំដោយលោក Maurice Steijn ត្រូវបានក្លិប Feyenoord នាំមុខមុន ៣-០ ខណៈការប្រកួតត្រូវបានផ្អាក ដោយសារតែមានការគប់កាំជ្រួចផ្សែងចូលមកកាន់ទីលានចំនួន ២ដង ដ្បិតការប្រកួតបានលើកមកធ្វើនៅថ្ងៃពុធវិញ៕