(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង បានបើកដំណើរការសាខាថ្មីយ៉ាងប្រណីត ជាមួយនឹងការបម្រើជូនសេវាកម្មល្អឥតខ្ចោះ ក្នុងអគារដ៏ខ្ពស់ជាងគេបំផុតមួយ ដែលមានទីតាំងនៅជិតស្ពានអាកាសសាលាតិចណូ កាន់តែផ្តល់ភាពងាយស្រួលជូនដល់អតិថិជនក្នុងការអញ្ជើញមកទទួលយកសេវាកម្មហិរញ្ញវត្ថុនៅជុំវិញតំបន់នោះ។
សាខា ជីប ម៉ុង ថោវើរ ក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់អតិថិជន ក៏ដោយសារតែចំណុចពិសេសចំនួន ៣ធំៗនេះ៖
*ទីមួយ គឺការរៀបចំនូវ VIP Lounge ជាកន្លែងទទួលភ្ញៀវដ៏ប្រណីតផ្តល់ជូនអតិថិជននូវឯកជនភាព និងអាទិភាពពិសេស សម្រាប់ការពិភាក្សា និងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗ ដែលឆ្លុះបញ្ចាំងពីឧត្តមភាពរបស់អតិថិជន ជាពិសសម្ចាស់គណនី Preferred របស់ធនាគារ ជីប ម៉ុង។
*ទីពីរ ធនាគារ ជីប ម៉ុង សាខា ជីប ម៉ុង ថៅវើរ មានទីតាំងធំទូលាយ ជាមួយនឹងបង្អួចកញ្ចក់ជាប់ពិដាន ជួយឱ្យពន្លឺធម្មជាតិជះមកខាងក្នុងអគារ ធ្វើឱ្យបរិយាកាសកាន់តែមានផាសុកភាព និងស្រស់ស្រាយសម្រាប់អតិថិជន។ បន្ថែមពីនេះ កន្លែងទទួលភ្ញៀវបានរៀបចំឡើងតាមស្តង់ដារ បំពាក់ទៅដោយគ្រឿងបរិក្ខាដ៏ថ្មីស្រឡាង ដែលផ្តល់ភាពងាយស្រួល ជាមួយបុគ្គលិកប្រកបដោយវិជ្ជាជីវៈខ្ពស់ ដើម្បីធានាថាការផ្តល់សេវាកម្មធនាគារ សេវាប្រឹក្សាយោបល និងដំណោះស្រាយហិរញ្ញវត្ថុ ប្រកបដោយប្រសិទិ្ធភាព និងទំនុកចិត្តជូនដល់អតិថិជន។
*ទីបី គឺសាខាថ្មីដ៏ប្រណីតមួយនេះ បង្ហាញវិសាលភាពរបស់ខ្លួននៅឯជាន់ផ្ទាល់ដីនៃ អគារពាណិជ្ជកម្មចម្រុះ ជីប ម៉ុង ថៅវើរ ដ៏ខ្ពស់ជាងគេបំផុតមួយ ស្ថិតនៅចំកណ្តាលបេះដូងរាជធានីភ្នំពេញ ដែលជាគម្រោងវិនិយោគជាង ២៣០លានដុល្លារអាមេរិច របស់ក្រុមហ៊ុន ជីប ម៉ុង ប្រមូលផ្តុំទៅដោយពាណិជ្ជកម្មយ៉ាងសម្បូរបែប ជូនដល់អតិថិជនទាំងអស់ ប្រកបដោយគុណភាពក្នុងកន្លែងតែមួយ ។
គួរបញ្ជាក់ថា ធនាគារ ជីប ម៉ុង សាខា ជីប ម៉ុង ថោវើរ បើកបម្រើសេវាកម្មអតិថិជនរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៤ល្ងាច។ សម្រាប់ទីតាំង៖ https://maps.app.goo.gl/WFvnAt2ms8isP8iF9 ៕