(ហាន់ចូវ)៖ កីឡាការិនីតេក្វាន់ដូ WT ជម្រើសជាតិកម្ពុជា ឈឿង អាលីហ្សា បានចាញ់ក្រុមកីឡាការិនី Tran Thi Anh Tuyet របស់វៀតណាម ទាំងប្រផិតប្រើយ ក្នុងវិញ្ញាសាទម្ងន់ក្រោម ៥៧គីឡូក្រាម នៃព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នេះ ។
សម្រាប់ការប្រកួតវគ្គជម្រុះដំបូងនេះ ទឹកទី១ កីឡាការិនីកម្ពុជា បានចាញ់ពិន្ទុកីឡាការិនីវៀតណាម ០-៤ពិន្ទុ តែទឹកទី២ ឈឿង អាលីហ្សា បានយកឈ្នះវិញ ៦-៥ពិន្ទុ ។ ប៉ុន្ដែសោកស្ដាយនៅទឹកទី៣ ម្ចាស់មេដាយប្រាក់ស៊ីហ្គេមរូបនេះ បានចាញ់កីឡាការិនី Tran Thi Anh Tuyet ៥-៧ពិន្ទុ ដែលនាំឲ្យ លីហ្សា មិនបានឡើងវគ្គបន្ដឡើយ ។
ដោយឡែកកីឡាការិនី ម៉ម ជូលី ដែលប្រកួតដំណាលគ្នាជាមួយកីឡាការិនី Maheswari Megawati Tamesti របស់ឥណ្ឌូនេស៊ីវិញ គឺបានបោះបង់ការប្រកួតត្រឹមទឹកទី១ បន្ទាប់ពីត្រូវបានគូប្រជែងនាំមុខ ១៤-៤ពិន្ទុ នៅទឹកទី១ ។ ប៉ុន្ដែដោយសារបញ្ហាសុខភាព មុនការប្រកួតមានអាការៈពុលអាហារ ក្អួតចង្អោរ ទើបនាងមិនអាចស៊ូដល់ចប់ការប្រកួតបាន ។
គួរដឹងថា កីឡាតេក្វាន់ដូ WT កម្ពុជា បានបញ្ចូនកីឡាករ-កីឡាការិនី ៥រូប ចូលរួមប្រកួតកីឡាអាស៊ីខាងលើ តែពេលនេះ មានកីឡាករ-កីឡាការិនី ៤រូបហើយ ដែលបានធ្លាក់ត្រឹមវគ្គជម្រុះ ហើយនៅសល់កីឡាករម្នាក់ប៉ុណ្ណោះ គឺកីឡាករ វ៉ា មិថុនា អតីតម្ចាស់មេដាយមាសស៊ីហ្គេម លើកទី៣១ ដែលគ្រោងនឹងធ្វើការប្រកួតនាពេលឆាប់ៗខាងមុខ ៕