(កូរ៉េ)៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចែករំលែកដោយ HYBE កាលពីថ្ងៃទី២៥ ខែកញ្ញា បានឲ្យដឹងថា សមាជិកទាំងប្រាំពីររបស់ BTS បានបន្តកិច្ចសន្យាជាផ្លូវការជាមួយ BIGHIT MUSIC។ ភ្ជាប់ជាមួយការបញ្ជាក់នេះ ក្រុមហ៊ុន HYBE ក៏បាននិយាយពីការចូលបំពេញកាតព្វកិច្ចយោធា សម្រាប់សមាជិកដែលនៅសេសសល់ផងដែរ ពោលគឺទំនងជាចូលនៅចុងឆ្នាំនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Koreaboo នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។
និយាយពីគម្រោងចូលបម្រើយោធា ក្រុមហ៊ុន HYBE «សមាជិកទាំងអស់របស់ BTS បានសម្រេចចិត្តបន្តកុងត្រាជាថ្មីជាមូយនឹង ក្រុមហ៊ុនហើយ។ សមាជិកដែលទើបចូល ទាហាន (Jin, J-Hope, Suga) នឹង បញ្ចប់កាតព្វកិច្ចរបស់ពួកគេ នៅឆ្នាំ២០២៥ ហើយកុងត្រាថ្មីរបស់ពួកគេ នឹងចាប់ផ្ដើមនៅពេលនោះដូចគ្នា។ ពួកយើងនឹងប្រកាស ពីគម្រោងចូលទាហានសម្រាប់សមាជិក BTS ដែលនៅសល់ជាបន្តបន្ទាប់ តាមលំដាប់លំដោយនៅឆ្នាំនេះ»។
គួរជម្រាបថា គិតមកទល់ពេលនេះ ក្នុងចំណោមសមាជិកទាំង៧នាក់ ក្នុងក្រុម BTS គឺមាន៣នាក់ហើយ ដែលបានចូលបម្រើយោធា ខណៈ Suga ជាសមាជិកទី៣របស់ក្រុម BTS ដែលចូលបម្រើជួរកងទ័ព បន្ទាប់ពី Jin វ័យ៣០ឆ្នាំ ដែលបានចូលកងទ័ពដំបូងគេ កាលពីខែធ្នូ ឆ្នាំ២០២២ និង J-Hope វ័យ២៩ឆ្នាំ ជាសមាជិកទី២ បានចូលយោធានៅអំឡុងខែមេសា ឆ្នាំ២០២៣៕