(ភ្នំពេញ)៖ ខ្សែភាពយន្តថ្មីមួយទៀតហើយ មានចំណងជើងថា «ក្រោយអស្តង្គត» (រាត្រីរន្ធត់) បានបើកសម្ពោធដាក់បញ្ចាំងជាផ្លូវការ កាលពីល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅបរិវេនរោងភាពយន្ត Major Cineplex Aeon1 ដោយមានការអញ្ជើញចូលរួមពីសំណាក់អ្នកគាំទ្រ ជាពិសេសយុវវ័យយ៉ាងច្រើនកុះករ។ ភាពយន្តរឿង «ក្រោយអស្តង្គត» បានបង្ហាញពីស្នេហារបស់កំឡោះមួយគូ ដែលលាយឡំជាមួយនឹងឈុតឆាកខ្មោចព្រាយបិសាច ភ័យរន្ធត់របស់វិញ្ញាណខ្មោច ខណៈអ្នកដែលចូលចិត្តទស្សនាភាពយន្តបែបរន្ធត់ គឺពិជាមិនខកបំណងនោះឡើយ។
រឿង «ក្រោយអស្តង្គត» ជាភាពយន្តមនោសញ្ចេតនាស្នេហា BL (Boy Love) ដែលបង្ហាញពីការចាប់ផ្តើមសេចក្តីស្នេហារបស់កំលោះសង្ហាមួយគូ ដែលចំណុចផ្តើមនោះ កើតចេញពីការទស្សន៍ទាយរបស់ចិនសែម្នាក់ ដែលមានសមត្ថភាពដឹង ពីជោគជតារបស់តួឯកប្រុសបាន។ ខុសពីរឿងមនោសញ្ចេតនាផ្សេងៗ អ្នកនិពន្ធរឿង ក្រោយអស្តង្គត (រាត្រីរន្ធត់) បានដាក់បញ្ចូលតួអង្គខ្មោចស្រីមួយរូប ឲ្យមកតាមឆាឆៅតួអង្គ សែង រ៉ាវី សម្តែងដោយ Nunew មិនឲ្យនៅជិតព្រះភ្លើង សម្តែងដោយ Zee Pruk បានឡើយ ដោយនាងតែងតែលងបន្លាច ធ្វើបាប និងព្យាបាលតួឯកម្នាក់នេះឲ្យរងរបួសច្រើនលើកច្រើនសារ។
យ៉ាងណាមិញ អំណាចរបស់វិញ្ញាណខ្មោច មិនអាចយកឈ្នះមនោសញ្ចេតនា របស់កំលោះសង្ហាញទាំងពីររូបនេះបានឡើយ ព្រោះចិត្តរបស់ពួកគេបានចងត្របាញ់ចូលគ្នា តាំងពីវ័យកុមារមកម៉្លេះ លុះបានជួបគ្នាម្តងទៀត ពួកគេមិនព្រមដោះលែងគ្នាជាដាច់គ្នា។ ក្នុងថ្ងៃ Pre-screening រឿងក្រោយអស្តង្គត (រាត្រីរន្ធត់) នៅបរិវេនរោងភាពយន្ត Major Cineplex Aeon1 កាលពីល្ងាចមិញ មានយុវវ័យជាច្រើនដែលជាអ្នកស្នេហាវិស័យកុន បាននាំគ្នាទៅទស្សនារឿងនេះយ៉ាងច្រើនកុះករ។
ទស្សនិកជនដែលបានមកទស្សនាថ្ងៃ Pre-screening បានឲ្យដឹងថា ពួកគេទន្ទឹងរង់ចាំរឿងនេះជាយូរមកហើយ ព្រោះចូលចិត្តការសម្តែងរបស់តួប្រុសទាំងពីរ។ ម៉្យាងសាច់រឿងនេះមើលទៅរៀងប្លែកខុសរឿងមុនៗ ព្រោះលាយឡំវិញ្ញាណខ្មោចស្រីម្នាក់ ដែលមិនដឹងថា ហេតុអ្វីទើបតាមយាយីតួឯក ដូច្នេះពួកគេសប្បាយចិត្តណាស់ដែលបានមកទស្សនារឿងនេះមុនគេបង្អស់។
តាមរយៈដំណើរនៃសង្ខេបរឿងបានបង្ហាញត្រួសៗថា នៅពេលឮពាក្យទំនាយរបស់គ្រូទាយហើយ ភ្លើង ក៏ត្រូវចាប់គូឲ្យភ្ជាប់ពាក្យជាមួយនឹង រ៉ាវី ដែលជាក្មេងមកពីស្រុកស្រែ។ ពួកគេទាំងពីរត្រូវមកជាប់ពាក់ព័ន្ធនឹងគ្នា ទាំងចិត្តស្ទាក់ស្ទើរ ទោះមិនជឿពាក្យទំនាយនោះ ប៉ុន្តែដើម្បីផ្គាប់ចិត្តឪពុកម្តាយ ភ្លើង យល់ព្រមតាមលក្ខខណ្ឌថា បើប្រាំមួយខែកន្លងផុតទៅ ដោយមិនមានទំនាក់ទំនងកាន់តែស៊ីជម្រៅ នោះគេនឹងអាចផ្តាច់ពាក្យពីរ៉ាវីបាន។
ឆ្លងកាត់ការរស់នៅជាមួយក្រុមគ្រួសាររបស់ភ្លើង, រ៉ាវីត្រូវបានព្រលឹងវិញ្ញាណកំណាចតាមលងបន្លាច។ ពេលគេចាប់ផ្តើមរស់នៅជាមួយភ្លើង វិញ្ញាណតាមលងបន្លាចក៏ស្ងប់ស្ងាត់។ វាច្បាស់ណាស់ថា អ្វីក៏ដោយដែលតាមលងបន្លាចនៅក្នុងផ្ទះ គឺផ្តោតលើរ៉ាវីទាំងស្រុង៕