(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan បានប្រកាសឱ្យដឹងថា នៅឆ្នាំ២០៣០ខាងមុខនេះ គ្រប់ម៉ូដែលរថយន្តទាំងអស់របស់ខ្លួនដែលនាំចូលទៅលក់នៅទីផ្សារអឺរ៉ុបគឺ ជារថយន្តអគ្គិសនី។ នេះមានន័យថា ប៉ុន្មានឆ្នាំខាងមុខទៀត Nissan នឹងបញ្ឈប់ការលក់រថយន្តប្រើសាំងទៅប្រទេសលោកខាងលិចហើយ ដែលជាការឆ្លើយតបទៅនឹងសេចក្តីព្រាងច្បាប់ថ្មី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។
Nissan គឺជាក្រុមហ៊ុនផលិតរថយន្តប្រើសាំងឈានមុខគេនៅលើពិភពលោក និងត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៣៣ មកម្លេះដែលមានដើមកំណើតនៅក្នុងប្រទេសជប៉ុន។ ការប្រកាសនេះធ្វើឡើងស្របពេលដែលសហភាពអឺរ៉ុបកំពុងធ្វើការរឹតបន្តឹងការប្រើប្រាស់យានុ្តយន្តក្នុងតំបន់របស់ខ្លួន ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងជំរុញការអនុម័តរថយន្តអគ្គិសនី។
យោងតាមរបាយការណ៍ចេញផ្សាយកន្លងមកបានបង្ហាញថា សហភាពអឺរ៉ុបបានកំណត់គោលដៅហាមឃាត់ការលក់រថយន្តប្រើសាំង និងម៉ាស៊ូតថ្មីគិតចាប់ពីឆ្នាំ២០៣៥ ខាងមុខនេះតទៅ។ ដូច្នេះមានន័យថា ក្នុងរយៈពេល ១២ឆ្នាំទៀតនៅទូទាំងសហភាពអឺរ៉ុបនឹងមិនត្រូវបានអនុញ្ញាតឱ្យដាក់លក់រថយន្តប្រើសាំងនោះទេ គ្រប់ហាងលក់ទាំងអស់នឹងមានតែរថយន្តអគ្គិសនីប៉ុណ្ណោះ។
គួរជម្រាបដែរថា គិតមកទល់ឆ្នាំ២០២៣នេះ Nissan បានផ្តល់រថយន្តអគ្គិសនីមួយចំនួននៅទីផ្សារអឺរ៉ុបរួចហើយរួមមានម៉ូដែល Leaf, Ariya និង Townstar EV ជាដើម។ បន្ថែមពីនេះទៅទៀតក្រុមហ៊ុន Nissan បានបញ្ជាក់ថា ខ្លួននឹងចេញលក់រថយន្តអគ្គិសនីម៉ូដែលថ្មីៗមួយចំនួនទៀតនៅអឺរ៉ុបក្នុងពេលឆាប់ៗខាងមុខនេះរួមមានរថយន្ត SUV ប្រភេទ Crossover ថ្មី រថយន្ត Sedan ថ្មី និង Van ថ្មីផងដែរ៕