(ឡុងដ៏)៖ ក្រុមបិសាចក្រហម Manchester United បានឡើងទៅជុំទី៤ នៃពានរង្វាប់ EFL Cup រដូវកាលនេះ ក្រោយពីបានយកឈ្នះក្រុម Crystal Palace ៣-០ ក្នុងជុំទី៣ ជាមួយការប្រកួតធ្វើឡើងនៅកីឡដ្ឋាន Old Trafford។

ស្ថិតក្នុងការប្រកួតដែលក្លិប Man United រកបាន ៣គ្រាប់នោះ ធ្វើបានដោយកីឡាករវ័យ ១៩ឆ្នាំ Alejandro Garnacho ជាមួយខ្សែបម្រើ Casemiro និងខ្សែប្រយុទ្ធ Anthony Martial ក្រោមការដឹកនាំដោយលោក Erig Ten Hag ដ្បិតក្រុម Crystal ដឹកនាំដោយលោក Roy Hodgson មានឱកាសស៊ុតចំគោលដៅតែ ២លើក និងការគ្រប់គ្រងបាល់លើទីលានមានត្រឹមតែ ៣១ភាគរយប៉ុណ្ណោះ ក្នុងការប្រកួតពេញម៉ោង។

បញ្ជាក់ផងថា ក្រុមបិសាចក្រហម Manchester United ជាក្រុមការពារតំណែងជើងឯករដូវកាលមុន ដែលពួកគេបានយកឈ្នះ Newcastle United ២-០ នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងការឈានទៅលើកពាន EFL Cup លើកទី៦ របស់ពួកគេ៕