(ម៉ាឌ្រីដ)៖ ក្រុមកីឡាការិនីបាល់ទាត់អេស្ប៉ាញ បានស្រុះស្រួលគ្នាក្នុងការវិលទៅលេងឲ្យជ្រើសជាតិវិញ និងបានបំបាក់គូប្រជែងស្រ្តីស្វីស ក្នុងលទ្ធផល ៥-០ ផងដែរនាយប់មិញនេះ ក្នុងកម្មវិធី UEFA Women’s Nations League 2023-2024 ប្រចាំពូល A4។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នាថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នេះបានឲ្យដឹង មុនចាប់ផ្តើមការប្រកួតពានរង្វាន់លីគប្រចាំតំបន់អឺរ៉ុបខាងលើនេះ ក្រុមទាំងពីរក៏បានឈរថតរួមគ្នា ជាមួយនឹងបដាដែលមានសរសេរថា «se acabo» ដែលត្រូវបានបកប្រែជាភាសាអង់គ្លេសថា «It’s over» ដោយមានន័យជាខេមរភាសាថា វាត្រូវបានបញ្ចប់ហើយ នៃរឿងអាស្រូវដែលបានកើតនាពេលថ្មីៗនេះ។

នេះក៏ជា ១ប្រកួតដំបូងក្នុងដីផងដែរ គិតចាប់តាំងពីពួកគេបានឈ្នះពានបាល់ទាត់ស្រ្តីពិភពលោក FIFA Women’s World Cup 2023 មុនពេលផ្ទុះរឿងអាស្រូវដែលឈានដល់ការបែកខ្ញែកគ្នាមួយរយៈពេលផងដែរ ក៏ព្រោះតែលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF)។

ក្នុងប្រកួត ៩០នាទីពេញនៅកីឡដ្ឋាន Estadio El Arcangel នៃប្រទេសអេស្ប៉ាញ កីឡាការិនីចាំទី Elvira Herzog របស់ស្វីសបានធ្វើឲ្យមានកំហុស នាំឲ្យកីឡាការិនីមកពីក្លិប Manchester United គឺ Lucia Garcia រកបានគ្រាប់បាល់បើកឆាកតាំងពីនាទី១៥ នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណ ១៤,១៩៤នាក់ ដែលជាចំនួនដ៏ច្រើនលើសលប់ ក្នុងប្រកួតបាល់ទាត់ផ្នែកនារីក្នុងដីរបស់ពួកគេ៕