(ក្រុងឡុងដ៍)៖ ខ្សែប្រយុទ្ធស្លាប Bukayo Saka បានក្លាយជាកីឡាកររបួសទី៦ របស់កាំភ្លើងធំ Arsenal និងអវត្តមានពី ការប្រកួត EFL Cup នៅក្នុងផ្ទះរបស់ Brentford នារាត្រីនេះផងដែរ ដោយសារមានបញ្ហារបួសជើង។
តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឲ្យដឹងនៅថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នេះថា កីឡាករអន្តរជាតិអង់គ្លេស វ័យ ២២ឆ្នាំខាងលើនេះ ត្រូវបានរាប់បញ្ចូលក្នុងបញ្ជីកីឡាកររបួសរបស់អ្នកចាត់ការទូទៅ លោក Mikel Arteta ក្នុងប្រកួតដែលកាំភ្លើងធំបានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២ ក្នុងលីគកាលចុងសប្តាហ៍កន្លងទៅ ដ្បិត Saka ក៏រកបាន ១គ្រាប់ផងដែរ ដោយបាល់ពិន័យ ១១ម៉ែត្រ។
នេះមានន័យថា Saka ត្រូវបង្ខំចិត្តនៅក្រៅទីលានដូចទៅនឹងមិត្តរួមក្រុម Jurrien Timber, Thomas Partey, Leandro Trossard, Grabriel Martinelle និង Declan Rice ដែលនឹងអវត្តមានពីការប្រកួតទល់នឹង Brentford ក្នុងពាន League Cup (Carabao Cup) ជុំទី៣ រាត្រីនេះ និងទល់នឹង AFC Bournemouth ក្នុងពាន Premier League នារាត្រីសៅរ៍ សប្តាហ៍ទី៧ ផងដែរ។
Bukayo Saka រកបាន ៤គ្រាប់ និងរួមចំណែកបញ្ជូនបាល់ ៣គ្រាប់ផងដែរ ក្នុងចំណោម ៧ប្រកួតជាមួយ Arsenal សម្រាប់រដូវកាលនេះទាំងនៅ Premier League និង UEFA Champions League៕